ព័ត៌មានជាតិ

អាស៊ាន កំពុងរងគ្រោះលើ ភូមិសាស្រ្ដនយោបាយ ដោយការប្រកួតប្រជែងគ្នា របស់មហាអំណាច

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ាន ក៏កំពុងទទួលរងនូវភាពលំបាក លើភូមិសាស្រ្ដនយោបាយ ដែលបណ្ដាលមកពី ការប្រកួតប្រជែងយុទ្ធសាស្រ្ដ កាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៤ មិថុនា លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខ លើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ដែលនឹងប្រព្រឹត្ដ ទៅនៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០។

ក្នុងឱកាសកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ានគឺកំពុងទទួលរង នូវភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែង យុទ្ធសាស្រ្ដកាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច។ ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិក អាស៊ាន គឺមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសភាគី មហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ» ។

កិច្ចប្រជុំ បានកត់សម្គាល់ចំពោះការកើនឡើង នូវចំណាប់អារម្មណ៍កាន់តែខ្លាំង ពីដៃគូខាងក្រៅ ក្នុងការភ្ជាប់ទំនាក់ទំនងឡើង ជាមួយអាស៊ាន។ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នា ទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅ សមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្ដីការបរទេសអាស៊ាន បានចែករំលែកទស្សនៈលើសារៈសំខាន់នៃការពង្រឹង មជ្ឈភាពអាស៊ាន ក្នុងការវិវឌ្ឍនិម្មាបនកម្មក្នុងតំបន់ ពង្រឹងសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសការ ពន្លឿនការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការ ឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាព ងើបឡើងវិញពីជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានយកឱកាសនៃកិច្ចប្រជុំនោះ ចែករំលែកទស្សនៈសំខាន់ៗមួយចំនួនផងដែរ៖

-ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ានគឺកំពុងទទួលរងនូវ ភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែង យុទ្ធសាស្រ្ដកាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច។ ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិក អាស៊ាន គឺមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។

-ចំពោះស្ថានភាពរដ្ឋរ៉ាខាញ កម្ពុជា លើកទឹកចិត្ដចំពោះការបន្ដ កិច្ចសន្ទនារបស់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការរៀបចំ ដំណើរមាតុភូមិនិវត្ដន៍ ប្រកបដោយ សុវត្ដិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរ។

-ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ កម្ពុជាសូមគូសបញ្ជាក់អំពី សារៈសំខាន់នៃតួនាទីរបស់អាស៊ាន ជាពិសេសតាមរយៈយន្តការ វេទិកាតំបន់អាស៊ាន និងវិធានការកសាងទំនុកចិត្តផ្សេងៗ ក្នុងការជំរុញឱ្យមានការ វិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ។ កម្ពុជាកោតសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗ រួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ចិន និងជប៉ុនក្នុងការបង្កើត ផែនការសកម្មភាព។

-ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋដែលមិនទាមទារ អធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹត លើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សា បរិយាកាសអំណោយផល ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែល នឹងចូលរួមចំណែកដល់ការបញ្ចប់ ការចរចាលើក្រមប្រតិបត្តិ នៅក្នុងសមុទ្រចិនខាងត្បូង។

ចំពោះកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២១ បានកត់សំគាល់អំពីវឌ្ឍនភាព នៃការអនុវត្តផែនការលម្អិត នៃសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ដែលសកម្មភាពចំនួន ៩៦% នៃផែនការសកម្មភាព ខាងលើត្រូវបានអនុវត្ត។ កិច្ចប្រជុំទន្ទឹងរង់ចាំការបញ្ចប់ របាយការណ៍ត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិ នៃចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលរួមទាំងផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៧-២០១៩ កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ នៃមជ្ឈមណ្ឌលបានផ្តល់វិភាគទានចំនួន ៦៧៥ ០០០ ដុល្លារអាមេរិក ដើម្បីធានានិរន្តរភាពនៃ ដំណើរការរបស់មជ្ឈមណ្ឌល និងជំរុញឱ្យមានការចូលរួមចំណែក ឱ្យបានគ្រប់គ្រាន់របស់អាស៊ាន ដើម្បីធានានិរន្តរភាព នៃដំណើរការមជ្ឈមណ្ឌល។

ដោយឡែកកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ានលើកទី២៦ (ACC) បានពិភាក្សាអំពីការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា និងអនុម័តលើលក្ខខណ្ឌ ប្រតិបត្តិនៃមូលនិធិអាស៊ាន ឆ្លើយតបជំងឺកូវីដ១៩ ព្រមទាំងបានឯកភាពលើភាពចាំបាច់ ក្នុងការជំរុញឱ្យមានកិច្ចប្រឹងប្រែង គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីស្តារឡើងវិញពីផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ៕

ដោយ៖ ខា ដា

To Top