ព័ត៌មានជាតិ

អាម៉េរិក នឹងបន្តធ្វើការជាមួយ កម្ពុជា-ថៃ គាំទ្រកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ

ភ្នំពេញ ៖ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងបន្តធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
 
ការប្រកាសគាំទ្ររបស់ភាគីអាមេរិកដែលក្នុងនាមជាសាក្សីមួយរូបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ស្របពេលចំខួប១ឆ្នាំនៃសេចក្តីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយភាគីកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

រដ្ឋមន្រ្តីការបរទេសអាម៉េរិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កាលពីមួយឆ្នាំមុន ប្រធានាធិបតីអាមេរិកឯកឧត្តម ដូណាល់ ត្រាំ បាននាំកម្ពុជា និងថៃមកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ កើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់ប្រធានាធិបតី។

លោកថា កិច្ចព្រមព្រៀងសន្តិភាពនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃកិច្ចការការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះ និងបានកសាងគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា-ថៃ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពនេះ បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ កិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាការចាប់ផ្តើមដ៏សំខាន់ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបញ្ចប់ជម្លោះ ព្រមទាំងការស្តារទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរ៕

To Top