Feature

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខា លើលិខិតបញ្ជាក់ សុច្ឆន្ទៈរួមគ្នា សម្រាប់ការបន្តភាពជាដៃគូ ក្នុងការគាំទ្រ ដល់គម្រោងគ្រប់គ្រង សំណល់ភក់បង្គន់ ដំណាក់កាលទី២

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសហជីពអន្តរតំបន់ សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ បានសម្រេចចុះហត្ថលេខា លើលិខិតបញ្ជាក់សុច្ឆន្ទៈរួមគ្នា សម្រាប់ការបន្តភាពជាដៃគូ ក្នុងការគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ ពីអាងសិបទឹក (ភក់បង្គន់) ដំណាក់កាលទី២ នៅរាជធានីភ្នំពេញ ក្រោយពីគម្រោងនៃដំណាក់កាលទី១ បានដាក់ឱ្យដំណើរការប្រើប្រាស់ កាលពីឆ្នាំ២០២៣ កន្លងមកដោយជោគជ័យ។

ពីធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក Mr.Frederic Vallier អគ្គប្រតិភូនៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងលោក វាឡីរី ម៉ូឡេត អគ្គនាយកសហជីពអន្តរតំបន់ សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP)។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីនៅឆ្នាំ២០២០ ដោយមានការគាំទ្រពីទីភ្នាក់ងារទឹកសែនន័រម៉ង់ឌី (AESN) ហើយសម្រេចបាន នូវការសាងសង់ស្ថានីយប្រព្រឹត្តកម្មដំបូងគេបង្អស់ នៅក្នុងខណ្ឌកំបូល ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ នៃប្រព័ន្ធគ្រប់គ្រងស្ថាប័ន និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២៣។

តាមរយៈរបាយការណ៍លទ្ធផល នៃការវាយតម្លៃចុងក្រោយក្នុងឆ្នាំ២០២៥ របស់គម្រោង បានបង្ហាញឱ្យ ឃើញពីសមិទ្ធផលជាក់ស្តែង ដែលស្ថាបនាជាមួយ នឹងតម្រូវការក្នុងការបង្កើនសមត្ថភាព ប្រព្រឹត្តកម្មសំណល់ភក់ របស់រាជធានីភ្នំពេញ បន្ថែមទៀតនាពេលអនាគត។

លោកស្រីអ្នកនាំពាក្យបានបន្ថែមទៀតថា ដោយផ្អែកលើលទ្ធផល ដែលសម្រេចបាននាពេលកន្លងមក និងយោងតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០៣៥ នៅដំណាក់កាលទី២នេះ គម្រោងនឹងសាងសង់ស្ថានីយមួយកន្លែងទៀតនៅ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ព្រមទាំងរៀបចំការសិក្សាសមទ្ធិលទ្ធភាពត្រៀម សម្រាប់ការសាងសង់ស្ថានីយទីបីបន្តទៀត។ចំពោះទំហំថវិកាប៉ាន់ស្មាន សម្រាប់ដំណាក់កាលទីពីរនេះគឺប្រមាណ ២.៣២០.០០០អឺរ៉ូ (ពីរលានបីរយម្ភៃពាន់អឺរ៉ូ) ដោយមិនរាប់បញ្ចូល ភាគទានជាវត្ថុ/ជាអត្ថប្រយោជន៍ ដែលមិនមែនជាសាច់ប្រាក់នោះទេ ដែលថវិកានេះគ្រោងនេះទទួលបាន ពីការចូលរួមវិភាគទានពីសមាគម AIMF ទីភ្នាក់ងារ AESN សហជីព SIAAP និងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លោកស្រីអះអាងថា គម្រោងជំហានទី២នេះ នឹងអាចចាប់ផ្តើមដំណើរការ នៅក្រោយពេលក្រុមការងារបច្ចេកទេសស ពិភាក្សាលម្អិតអំពីខ្លឹមសារកិច្ចព្រមព្រៀង សហប្រតិបត្តិការចប់សព្វគ្រប់ និងចុះហត្ថលេខារួមគ្នា នាពេលខាងមុខឆាប់ៗនេះ៕

To Top