កម្ពុជា-ម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈMoU លើការជំរុញជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង តាមរយៈការជំរុញការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌រួមគ្នា និងការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Abderrahim Rahhaly ឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព តាមរយៈការជំរុញការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការរួមគ្នារៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ ព្រមទាំងជំរុញឱ្យមានជើងហោះហើរត្រង់ តភ្ជាប់ទីក្រុងសំខាន់ៗ នៃប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមក។

តាមរយៈលទ្ធផលនៃជំនួបនេះ គឺជាការបោះជំហានថ្មីមួយ ក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក ជាពិសេសក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពល ក្នុងការជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងការជំរុញឱ្យមាន ជើងហោះហើរត្រង់ តភ្ជាប់រវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព នៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក បានបង្កើតទំនាក់ទំនងការទូតផ្លូវការ ជាមួយគ្នាតាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ លើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕






