សម្តេចធិបតី៖ កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង មានវិស័យសក្ដានុពលជាច្រើន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងសាធារណរដ្ឋម៉ាសេដ្វានខាងជើងមានវិស័យសក្ដានុពលជាច្រើនទៀត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក Zoran DIMITROVSKI អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅវិមានសន្តិភាព ។
ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី បានអបអរសាទរ ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងអបអរសាទរកម្ពុជា ដែលកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាប្រវត្តិសាស្ត្រ នាពេលនេះ។
ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី, លោកអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះចំណងការទូត រវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ និងបានគូសបញ្ជាក់ពីសក្តានុពល នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយបានរំលេចពីសារៈសំខាន់ នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ និងការពង្រីកទំនាក់ទំនង លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាពិសេសរវាងវិស័យឯកជន។
លោកបានបន្ថែមទៀតថា តាមរយៈយន្តការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF), សាធារណរដ្ឋម៉ាសេដ្វានខាងជើង និងកម្ពុជា នឹងកាន់តែមាន កាលានុវត្តភាពច្រើនថែមទៀត ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានវិស័យសក្ដានុពលជាច្រើនទៀត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃយន្តការពហុភាគីនិយម ក្នុងទំនាក់ទំនងទ្វេភាគី ដោយគូសរំលេចថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ បានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពដ៏រឹងមាំ ក្នុងវេទិកាពហុភាគី នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងបានផ្តល់ នូវឱកាសច្រើនបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
សម្តេចធិបតី បានលើកទឹកចិត្ត ឱ្យលោកអនុរដ្ឋមន្ត្រីសាធារណរដ្ឋម៉ាសេដ្វានខាងជើង បន្តកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងរៀបចំឱ្យមានយន្តការពិគ្រោះយោបល់ នយោបាយជាផ្លូវការ សំដៅកំណត់វិស័យសក្ដានុពលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕



