ប្រធានាធិបតីបារាំង អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ព្រមទាំងលោកស្រីទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី ២០។
ការអញ្ជើញមកដល់កម្ពុជារបស់ លោក អេម៉ានុយអែល ម៉ាក្រុង ធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
លោក ប្រធានាធិបតី នឹងជួបប្រជុំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ទន្ទឹមនេះ លោក ប្រធានាធិបតី នឹងអញ្ជើញចូលរួម ជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទ បញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។
ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង មក កម្ពុជានេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជា ប្រវត្តិសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តម ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ១៩៩៣។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហ ប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។ ទាំងនេះនឹងផ្តល់នូវ កាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕





