Feature

តំណាងក្រសួងការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម

ភ្នំពេញ៖លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រីសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី គង់ ណម ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្តាយក្មេករបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

គួរជម្រាបថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៤:២០នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងនាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋលេខាធិការ ប្រាក់ ចាន់ធឿន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ចំពោះការបាត់បង់ដ៏ធំធេងនេះ ដោយបានចាត់ទុកការបាត់បង់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម គឺជាការបាត់បង់ម្ដាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគនូវធនធាននិងសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព លោក ប្រាក់ ចាន់ធឿន ក៏បាននាំយកបច្ច័យរបស់លោករដ្ឋមន្រ្តី ហេង សួរ ចូលរួមពិធីបុណ្យផងដែរ និងបានបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top