សម្តេចធិបតី បញ្ជាក់ពីការដាក់ចេញវិធានការនានា សំដៅធានាឱ្យបានភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីការដាក់ចេញ នូវគោលនយោបាយ និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច ប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យ របស់វិនិយោគិននៅកម្ពុជា ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Datuk Nur Jazlan bin Tan Sri Mohamed អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, លោក អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិនម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញ នូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច ប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។

ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចធិបតីក៏បានគូសរំលេចថា កម្ពុជា ម៉ាឡេស៊ី នៅមានកាលានុវត្តភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញការបង្កើត ឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានា ដល់ការរក្សាបាននូវសន្តិសុខស្បៀង។
សម្តេចធិបតី ក៏បានជម្រាប លោកអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ៕
