ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាលជួបប្រជុំទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសឆែក

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបប្រជុំទ្វេភាគីជាមួយ លោកស្រី ម៉ារី ឆាតារដូវ៉ា អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឆែក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបសាស្ត្រាចារ្យរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង ព្រមទាំងការគាំទ្រឥតងាករេរបស់រដ្ឋាភិបាលឆែក ដល់វិស័យសុខាភិបាលកម្ពុជា ចាប់តាំងពីគម្រោងសាងសង់ និងជួសជុលមណ្ឌលសុខភាពនៅតាមខេត្តគោលដៅ រហូតដល់កិច្ចសហការនាពេលបច្ចុប្បន្ន។ 

សាស្ត្រាចារ្យ បានថ្លែងអំណរគុណចំពោះភាពជាដៃគូ ជោគជ័យសម្រាប់គម្រោង មន្ទីរពេទ្យកុមារជាតិ ចាប់តាំងពីឆ្នាំ២០១៨ មក ដែលរួមមាន ៖ ការអភិវឌ្ឍផ្នែកទារកវិទ្យា តាមរយៈការឧបត្ថម្ភសម្ភារ និងបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ , ការពង្រឹងធនធានមនុស្ស ការផ្តល់ការបណ្តុះបណ្តាលឯកទេស នៅទីក្រុងប្រាក ជូនដល់ក្រុមគ្រូពេទ្យពហុជំនាញ និងការដាក់ឱ្យដំណើរការប្រព័ន្ធបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Cambof) និងកិច្ចសហប្រតិបត្តិការលើការបង្កើតបន្ទប់តាំងបង្ហាញបរិក្ខារវេជ្ជសាស្ត្រ និងបរិច្ចាគឧបករណ៍ទំនើបៗ តាមរយៈមូលនិធិ និងសមាគមឆែក៕

To Top