ព័ត៌មានជាតិ

សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក!

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អតីតសិស្សសាលាបាក់ទូកមួយក្រុមក្នុងទសវត្សរ៍ទី៩ នៃសតវត្សរ៍ទី២០ (ចន្លោះឆ្នាំ១៩៨០-១៩៨៩) បានប្រមូលផ្តុំជួបជុំគ្នា ដោយយកទីតាំង បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាកន្លែងជួបជុំ ដើម្បីប្រារព្ធនូវកម្មវិធីជូនអំណោយ ដល់អតីតលោកគ្រូ អ្នកគ្រូ និង មិត្តជួបការលំបាក ក្នុងដំណាក់កាលប្រឈមនឹងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩។

សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក!នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០…

បាន​បង្ហោះ​ដោយ Phnom Penh Gendarmerie នៅ សៅរ៍ 27 មិថុនា 2020

ការចេះជួយគ្នាទៅវិញទៅមកនេះ គឺជាអំពើល្អមួយរបស់មនុស្សគ្រប់រូបក្នុងគ្រាមានអាសន្ន ហើយការ ចេះស្រឡាញ់គ្នា ចេះជួយគ្នា និងអធ្យាស្រ័យឲ្យគ្នា គឺជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយៗ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាអ្នកផ្ដួចផ្ដើមប្រមូលផ្ដុំបង្កើតក្រុមអតីតសិស្សបាក់ទូកនេះ បានមានប្រសាសន៍ថា ការចែករំលែកជួយគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់ជួយដល់អតីតលោកគ្រូអ្នកគ្រូ ក្នុងក្រុមរបស់លោកនាពេលនេះ គឺពុំមែនជាលើកទី១ទេ ដោយកន្លងមកក្រុមលោកតែងតែរួមគ្នាបរិច្ចាគថវិកា រហូតដល់ទៅជាង១០ម៉ឺនដុល្លារ ដើម្បី ជួយដល់មិត្តដែលជួបការលំបាក ជួយដល់លោកគ្រូអ្នកគ្រូជាហូរហែរ និងកសាងសមិទ្ធិផល ជាប្រយោជន៍ដល់សាលាបាក់ទូកជាច្រើន។

ដោយឡែកចំពោះការជួបជុំលើកនេះ អតីតមិត្តរួមជំនាន់ទាំងអស់ បានស្ម័គ្រចិត្តរួមសាមគ្គីគ្នាបរិច្ចាគថវិកា សរុបបានចំនួន ១០,០៥១$ (មួយម៉ឺន ហាសិបមួយ ដុល្លារ) ជូនដល់លោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់ជួបការលំបាក ៣៨នាក់ (ក្នុងនោះមានលោកគ្រូអ្នកគ្រូទូទៅ ទទួលបាន ថវិកាម្នាក់៥០ម៉ឺនរៀល ភេសជ្ជៈ២កែស មី១កែស ជែលលាងដៃនិងអាល់កុល៤ដប, រីឯលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់ ជួបការលំបាក ទទួលបានថវិកា ម្នាក់២លានរៀលរួមជាមួយភេសជ្ជៈ មី ជែលលាងដៃនិងអាល់កុល ដូចៗគ្នាផងដែរ។

ការចែករំលែកជួយគ្នា របស់ក្រុមអតីតមិត្តរួមជំនាន់សិស្សសាលាបាក់ទូកមួយក្រុមនេះ គឺធ្វើឡើងដោយមនោសញ្ចេតនាស្មោះត្រង់ ស្និតស្នាល និងរីករាយ ស្របតាមគោលការស្មារតីក្រុម និងស្របតាមពាក្យស្លោក ដែលក្រុមបានបង្កើតឡើង នោះគឺ ” សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕

To Top