ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងព្រមានចាត់វិធានការក្ដៅ ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ មិថុនានេះថា កាលពីពេលថ្មីៗកន្លងមកនេះ សម្ដេចបានប្រកាស ដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩” ។
សម្ដេចបន្តថា ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ការងារនេះគឺត្រូវពឹងផ្អែក ស្ទើរតែទាំងស្រុងលើ អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលត្រូវតែធ្វើអោយបាន ច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការ ផ្តល់សេវាសម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់ នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់ បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវ ការឃុំឃិតគ្នាដាក់បញ្ចូល សាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ នឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ ។ ខ្ញុំនឹងចាត់វិធានការណ៍ក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតីនេះ កើតមានឡើង» ។
សូមរំលឹកថា បច្ចុប្បន្នគ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានជាង ៥៦ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ ២៥លានដុល្លារ ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន ៕