កំពង់ចាម ៖ សាខាសមាគមនារី ដឹកនាំដោយ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងសហការី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់វត្តចំនួន ២ គឺ វត្តគង់វង្សរង្ស៊ី “ហៅវត្ត កោះកុក” និងវត្តសន្សំកុសល្យកោះប្រាក់ ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ស្ថិតក្នុងឱកាសនោះ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ វេរប្រគេន ដល់វត្តទាំង ២ ដែលជារួមមាន ៖ ផ្កាស្រស់ ៤កន្ត្រក់ សាដក់ ៨ អង្ករ ៨បេ ទៀន ២គូ ទឹកសុទ្ធ ២កេស ទឹកក្រូច ៨កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ មី ១០កេស ត្រីខ ១២យួរ បច្ច័យកសាងវត្ត ចំនួន ៣.០០០.០០០រៀល និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ១.៦៤០.០០០រៀល ។
សូមរំលឹកថា ក្នុងពិធីបុណ្យចូលព្រះវស្សា គេសង្កេតឃើញបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលគោរព ប្រតិបត្តិ ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យចូលព្រះវស្សា ដោយការដង្ហែ ទៀនវស្សា និងយក ទេយ្យវត្ថុផ្សេងៗ ទៅ ប្រគេនព្រះសង្ឃ នៅវត្តអារាមនានា ដើម្បី ទទួលយកកុសលបុណ្យរៀងៗខ្លួន។
គួបញ្ជាក់ដែរថា ក្នុងវិស័យ ព្រះពុទ្ធសាសនា បានកំណត់ថា ពិធីចូល ព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ ១រោចខែ អាសាឍដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលមាន រយ:ពេល៣ខែ ។ ការធ្វើបុណ្យប្រគេនទៀនព្រះវស្សានេះ គឺសំដៅលើការបំពេញកិច្ចឧបត្តម្ភ ចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សា អាស្រ័យដោយរដូវនេះ ជារដូវភ្លៀងធ្លាក់យ៉ាងជោគជាំ ធ្វើឲ្យភិក្ខុក្នុងពុទ្ធមណ្ឌល ទីវត្តអារាមមានការលំបាកក្នុងការនិមន្តចុះឡើង ហេតុនេះ ទើបព្រះពុទ្ធទ្រង់បញ្ញត្តិ ឲ្យភិក្ខុចូលព្រះវស្សា ចាប់តាំងពីពេលនោះ រៀងមកដល់សព្វថ្ងៃនេះ ។
នៅសម័យដើម ការគង់ចាំព្រះវស្សា រយៈពេល ៣ខែ នេះ ដើម្បីឲ្យព្រះសង្ឃ បានរួបរួមសាមគ្គីគ្នា ដើម្បីបដិបត្តិធម៌ព្រះពុទ្ធទាំង ៩ម៉ឺន ៨ពាន់ ព្រះធម្មក្ខន្ន ផងដែរ។