ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស៖ ទោះបីមានវិបត្តិកូវីដ១៩ ក៏កម្ពុជាមិនដែល ភ្លេចពីការជឿលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា ទោះបីជាមានវិបត្តិកើតឡើងក៏ដោយ ក៏កម្ពុជាមិនដែល ភ្លេចពីការជឿលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ។

ក្នុងឱកាសអញ្ជើញបើកវេទិកា កិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» នៅថ្ងៃទី១ កក្កដានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នេះជាពេលវេលាសមស្រប និងសំខាន់បំផុត នៅពេលដែលពិភពលោក ទាំងមូលកំពុងរួមគ្នាចូលរួម ប្រយុទ្ធក្នុងការដោះស្រាយ ជំងឺរាតត្បាតកូវីដ១៩នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជាផ្នែកមួយដ៏សំខាន់ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានតួនាទីអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ដែលពិបាកព្យាករណ៍ និងស្មុគស្មាញ។ អាទិភាពចម្បងរបស់វិទ្យាស្ថាន គឺការពង្រឹងជំនាញមន្ត្រីការទូត កម្ពុជាដើម្បី ក្លាយជាតំណាងប្រទេសកម្ពុជា និងការពារផលប្រយោជន៍ជាតិ ប្រកបដោយជំនាញវិជ្ជាជីវៈ ប្រសិទ្ធិភាព ភាពថ្លៃថ្នូរ និងសុចរិតភាព។

លោកបន្ថែមថា ពិតណាស់ បញ្ហាប្រឈមនៃការលើកកម្ពស់ មុខមាត់របស់កម្ពុជា និងការត្រៀមខ្លួនសម្រាប់ការទូត បែបទំនើបនៅសតវត្សទី២១ ទាមទារឲ្យមានចំណេះដឹងថ្មី ចំណេះធ្វើ និងជំនាញថ្មីៗឱ្យបាន ទូលំទូលាយច្រើនជាងមុន។ លោកសង្កត់ធ្ងន់ថា ចំណេះដឹង ដ៏មានសារៈសំខាន់នេះ ទាមទារឲ្យមានការធ្វើ បច្ចុប្បន្នភាពជាប្រចាំ ដើម្បីធានាឱ្យបាននូវការ អភិវឌ្ឍពហុវិស័យនៅក្នុងពិភពលោក ដែលផ្សារភ្ជាប់គ្នានេះ ។ ហេតុដូចនេះ ការចូលរួមរបស់វិទ្យាស្ថាន ក្នុងការស្រាវជ្រាវគឺ ពិតជាមានសារៈសំខាន់ណាស់ ។

លោកបន្ថែមទៀតថា កម្ពុជា បង្ហាញយ៉ាងច្បាស់នូវគំរូ នៃភាពជោគជ័យទាក់ទងនឹង ការគ្រប់គ្រងជំងឺរាតត្បាត និងសមត្ថភាព ក្នុងការទប់ស្កាត់ការរីករាលដាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រមូលនូវធនធាន និងជំនួយពីបណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ ជាពិសេសគឺការធ្វើតាម ការណែនាំរបស់អង្គការសុខភាពពិភពលោក។ ប្រទេសយើងមិនមានករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ មិនមានការបង្ខាំងបិទប្រទេស ហើយគ្រាន់តែមានការរឹតត្បិត លើសកម្មភាពមួយចំនួនប៉ុណ្ណោះ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ពួកយើងបានបង្ហាញទៅ កាន់ពិភពលោកថា ទោះបីជាមានវិបត្តិកើតឡើងក៏ដោយ ក៏កម្ពុជាមិនដែល ភ្លេចពីការជឿលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ។ ក្នុងនាមជា “ប្រទេសតូច តែមានទឹកចិត្តទូលំទូលាយ ” កម្ពុជាបានផ្តល់ការធ្វើតេស្ត និងព្យាបាល ជំងឺកូវីដ-១៩ មិនត្រឹមតែចំពោះជនជាតិកម្ពុជាទេ ប៉ុន្តែចំពោះជនបរទេសផងដែរ» ។

លោកបន្តថា ជាកស្ដែងកម្ពុជាបាន ជួយសង្គ្រោះនាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២,២៥៧នាក់ ក្រោយពីត្រូវបានគេបដិសេធ មិនឲ្យចូលចតនៅកំពង់ផែ ពីប្រទេសនានាជាច្រើន។ លោកមិនមានអ្វីនិយាយច្រើនទេ ក្រៅពីលើកឡើងវិញពី ប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅថា «តើយើងអាចនិយាយពីការគោរព សិទ្ធិមនុស្សបានយ៉ាងម៉េច បើសិទ្ធិក្នុងការរស់នៅ មិនត្រូវបានគោរព?» ។

លោកគូសបញ្ជាក់ថា គួរឲ្យមានការសោកស្តាយដែរ បើទោះបីជាមានភស្តុតាងបង្ហាញ ពីភាពជោគជ័យយ៉ាងច្បាស់បែបនេះក្តី ក៏ពួកយើងឃើញ ថាចំណាប់អារម្មណ៍ពីសារព័ត៌មាន លើពិភពលោកចំពោះកម្ពុជា ពិតជាមានតិចតួចណាស់ ។ វាក៏ជាការពិត ដែលចំណាប់អារម្មណ៍ភាគច្រើន បានផ្តោតទៅលើរូបភាពជារួម ធំលើពិភពលោកទៅវិញ ៕

To Top