ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសខ្មែរ និងមូលនិធិអាស៊ី នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹង លើកកម្ពស់ និងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងការទូត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញទំនាក់ទំនង រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព លើជំនាញការទូត និងទំនាក់ទំនងអន្តរជាតិ ធ្វើឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ ។
ក្នុងរយៈពេល ៣ឆ្នាំខាងមុខ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមូលនិធិអាស៊ី នឹងធ្វើការរួមគ្នា ដើម្បីគាំទ្រដល់ការចូលរួម របស់មន្ត្រីក្រសួងវ័យក្មេងក្នុងកម្មវិធី អ្នកការទូតអាស៊ីវ័យក្មេង នៅសហរដ្ឋអាមេរិក និងការរៀបចំកម្មវិធីផ្លាស់ប្តូរ និងកម្មវិធី ទស្សនកិច្ចសិក្សាជាមួយ សិក្ខាកាមផ្សេងទៀតនៃកម្មវិធីនេះ។ កម្មវិធីអ្នក ការទូតអាស៊ីវ័យក្មេង គាំទ្រដល់ការអភិវឌ្ឍជំនាញ ភាពជាអ្នកដឹកនាំរបស់ អ្នកជំនាន់ក្រោយនៅអាស៊ី ដែលនៅជួរ មុខក្នុងការផ្លាស់ប្តូរតំបន់អាស៊ី និងការលើកកម្ពស់ទស្សនវិស័យវែងឆ្ងាយ សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដោះស្រាយបញ្ហានានា នៅក្នុងតំបន់។
កិច្ចសហប្រតិបត្តិការនេះ ក៏នឹងបង្កើតបណ្ណាល័យសាធារណៈ និងគាំទ្រដល់វិទ្យាស្ថានក្នុងការ ប្រែក្លាយបណ្ណាល័យនេះ ឱ្យទៅជាធនធានឯកទេស ទំនាក់ទំនងអន្តរជាតិសម្រាប់កម្ពុជា សហការរៀបចំបាឋកថាសាធារណៈរួមគ្នា ចូលរួមនិងគាំទ្រដល់ការស្រាវជ្រាវ និងរៀបចំគោលនយោបាយ លើវិស័យទំនាក់ទំនងអន្តរជាតិ និង/ឬការ អភិវឌ្ឍសមត្ថភាព ព្រមទាំងរៀបចំសិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនានា។ វិទ្យាស្ថាន និងមូលនិធិអាស៊ី សង្ឃឹមជឿជាក់ថា MOU នេះនឹងអនុញ្ញាតឱ្យស្ថាប័នទាំងពីរ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្ត លើកកម្ពស់ទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសនានា។
មុននឹងឈានដល់ MOU នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមូលនិធិអាស៊ីមាន ទំនាក់ទំនងជាមួយគ្នា ជាច្រើនឆ្នាំរួចមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៣ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងមូលនិធិអាស៊ីបានធ្វើការរួមគ្នា ដើម្បីផ្តល់ការគាំទ្រដល់ មន្ត្រីក្រសួងតាមរយៈកម្មវិធីផ្លាស់ប្តូរ ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល ។
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៦ ដែលជា សេនាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
វិទ្យាស្ថានមានទិសដៅ កសាងវិជ្ជាជីវៈមន្ត្រីការ ទូតកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បីអនុញ្ញាតឱ្យមន្ត្រីការទូតកម្ពុជា អាចឆ្លើយតបទៅនឹងពិភពលោក ដែលពោរពេញទៅដោយការ ប្រកួតប្រជែងក្នុងវិស័យការទូត ជាពិសេសដើម្បីលើកកម្ពស់ការចូលរួម និងតួនាទី របស់កម្ពុជានៅក្នុងកិច្ចការតំបន់។
មូលនិធិអាស៊ី គឺជាជាអង្គការអភិវឌ្ឍន៍អន្តរជាតិ មិនស្វែងរកប្រាក់ចំណេញ ដែលប្តេជ្ញាលើកកម្ពស់ការរស់ នៅក្នុងតំបន់អាស៊ីដែលមាន ថាមវន្តនិងកំពុងអភិវឌ្ឍ។ ជាមួយនឹងបទពិសោធន៍ និងជំនាញរយៈពេលប្រាំមួយទសវត្ស ការងាររបស់មូលនិធិនៅទូទាំង តំបន់ផ្តោតលើគោលដៅសំខាន់ចំនួនប្រាំ គឺពង្រឹងអភិបាលកិច្ច ពង្រឹង អំណាចស្ត្រី ពង្រីកឱកាសសេដ្ឋកិច្ច បង្កើនភាពធន់របស់បរិស្ថាន និងលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងតំបន់ ៕