ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម លើទឹកចិត្ត ឲ្យក្រុមហ៊ុនជប៉ុន វិនិយោគនៅកម្ពុជា បន្ថែមទៀត

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ត ឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាពិសេស ក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផល កសិកម្ម ។នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រំលឹកថា តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

លោកបន្ដថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។

លោក មានប្រសាសន៍ថា «លើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផល ប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះ»។

ជាការឆ្លើយតប សមាគម JBAC បានទទួលយកសំណើរ ក្រសួងពាណិជ្ជកម្ម ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគ បន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញ វិនិយោគិនទាំងនោះមកកម្ពុជា ៕ ដោយ អេង ប៊ូ ឆេង

To Top