ព័ត៌មានជាតិ

គម្រោងកែលំអ សួនមុខប្រាសាទ អង្គរវត្ត គ្រោងបញ្ចប់ ចុងឆ្នាំ២០២០

ភ្នំពេញ ៖ គម្រោងកែលំអសួន នៅមុខប្រាសាទអង្គរវត្ត អនុវត្តបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ ដើម្បីជួយលើកកម្ពស់ សោភ័ណ្ឌភាពរម្យណីយដ្ឋាន មុខអង្គរកាន់តែស្រស់ស្អាត និងមាន ភាព បៃតងដែលជាទីទាក់ទាញភ្ញៀវទេសចរ ។ នេះយោងតាមការ ចេញផ្សាយ ក្រសួងព័ត៌មាន។

ក្រុមការងារជំនាញ របស់អាជ្ញាធរជាតិអប្សរា កំពុងតែមមាញឹករៀបចំសួនច្បារ ដាំស្មៅដាំផ្កានិងដើមឈើ នៅខាងមុខបរិវេណ ប្រាសាទអង្គរវត្ត ដើម្បីពន្លឿន ការកែប្រែបរិវេណនេះឲ្យ ក្លាយទៅ ជាសួនច្បារបៃតង ប្រកបដោយភាពទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកំសាន្ត និងថតរូបអនុស្សាវរីយ៍ស្អាតៗ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា «គម្រោងកែលំអសួនច្បារខាងមុខ បរិវេណប្រាសាទ អង្គរវត្តនាពេលបច្ចុប្បន្ននេះ ដំណើរការបាន ប្រមាណ៦០ភាគរយហើយ ដោយក្រុមការងារជំនាញ បានចាប់ផ្តើម អនុវត្តគម្រោងនេះតាំងពីដើម ឆ្នាំ២០២០មកម្ល៉េះ»។

លោកបន្ថែមថា អាជ្ញាធរជាតិអប្សរា មិនត្រឹមតែមានគម្រោង កែលម្អសួននេះប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀត ដែលក្រុមការងារបច្ចេកទេស កំពុងអនុវត្តគឺ កិច្ចការងារជួស ជុលផ្លូវថ្នល់ ទាំងបរិវេណវង់តូច និងបរិវេណវង់ធំ និងកិច្ចការងារអភិរក្ស ប្រាង្គប្រាសាទមួយ ចំនួនទៀត៕

To Top