ព័ត៌មានជាតិ

កម្ពុជា ស្នើជប៉ុន ជួយរៀបចំផែនការ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែម

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើដល់សមាគមពាណិជ្ជកម្មជប៉ុន ប្រចាំកម្ពុជា (JBAC) ឲ្យជួយរៀបចំផែនការ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីជប៉ុនបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចំរើនខ្លាំងឡើង។

ក្នុងជំនួបជាមួយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុន ប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនសាជីវកម្មមីត ស៊ុយប៊ីស្សី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា សមាគមមានក្រុមហ៊ុន ជាសមាជិកចំនួន​ ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើល ទីតាំងមួយចំនួននៅកម្ពុជា ដើម្បីបង្កើនការវិនិយោគ លើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេស ចរណ៍ដែលមានសុវត្ថិភាពខ្ពស់។

ក្នុងឱកាសនោះលោក ក៏បានស្នើសមាគម JBAC ជួយរៀបចំផែនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពីជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថា ការងារទាំង នេះមិនអាចពឹងតែទៅលើ សមាគមឲ្យធ្វើតែម្នាក់ឯង នោះឡើយ ចាំបាច់កម្ពុជាខិតខំជួយធ្វើរួមគ្នាដែរ ។ដូច្នេះហើយរដ្ឋមន្ត្រីសង្ឃឹមថា JBAC នឹងជួយក្នុងកិច្ចការងារនេះ ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានស្នើសមាគម JBAC ជួយជំរុញឲ្យមានកំណើនភ្ញៀវទេសចរ ពីជប៉ុនមកកម្ពុជាបានច្រើនថែមទៀត នៅពេលជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ខណៈកម្ពុជាកំពុងរៀបចំត្រៀមខ្លួន យ៉ាងយកចិត្តទុកដាក់ ក្នុងការទទួលស្វាគមន៍ការត្រឡប់ មកម្ដងទៀតរបស់ភ្ញៀវទេសចរអន្តរជាតិ។

ជាការឆ្លើយតប ខាន់ដា យ៉ូហ្គោ បានបញ្ជាក់ថា នៅ ពេលដែលវិបត្តិជំងឺកូវីដ១៩ ផុតរលត់ពីពិភពលោក នេះទៅ លោកនឹងជំរុញទាក់ទាញ សមាជិករបស់សមាគម បង្កើនការវិនិយោគនៅកម្ពុជា បានច្រើនបន្ថែមទៀត ពិសេសការវិនិយោគលើ វិស័យទេសចរណ៍នេះតែម្ដង។

លើសពីនេះទៀត ប្រធានប្រធានសមាគម ពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា ក៏បានសន្យាថា ពង្រឹងកិច្ចសហការ ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍន ភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃ ប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអស់សុទ្ធតែសង្ឃឹមទុកនៅ ពេលវិបត្តិជំងឺកូវីដ១៩ រលាយរលត់ចេញផុតពីភពផែន ដី៕ ដោយ៖ធី លីថូ

To Top