ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ដាច់ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើង ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ នៅថ្ងៃទី៨ កក្កដា បានឲ្យដឹងទៀតថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ បានបង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែ រហូតដល់ចុងខែ) សម្ពាធខ្ពស់ បាននិងកំពុងបង្កើន ឥទ្ធិពលមកលើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច ។ លក្ខណៈ បែបនេះ ធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ដូចជា ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេស ហ្វីលីពីន កម្រិត បរិមាណទឹកភ្លៀងធ្លាក់មក មានការថមថយចុះ ។
ក្រសួងបញ្ជាក់ថា ដោយឡែក សម្រាប់ព្រះរាជាណាចក្រកម្ពុជា ស្ថានភាពនេះ ក្រសួងក៏បានជម្រាបជូនដំណឹង ម្តងរួចមកហើយ តាមរយៈការព្យាករណ៍អាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០ នឹងមានកូនរដូវប្រាំងកើតឡើង ចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ ។
ក្រសួងបន្ថែមថា បន្ទាប់ពីនោះ ស្ថានភាពអាកាសធាតុ នឹងត្រឡប់មកប្រក្រតីឡើងវិញ ដោយភ្លៀងក៏នឹងអាចធ្លាក់ រាយប៉ាយបានល្អលើផ្ទៃ ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ដែលមានភូមិសាស្ត្រនៅទី ទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប តំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការ ធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ ។
ជាមួយគ្នានេះក្រសួងធនធានទឹក ក៏អំពាវនាវដល់សាធារណជន ពិសេសបងប្អូនប្រជាកសិករ មានការយកចិត្ត ទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឲ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល ៕