ព័ត៌មានជាតិ

មេសហជីព ស្នើក្រសួងការងារ រៀបចំសងថ្ងៃឈប់សម្រាក​ ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦​ សីហា

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី បានស្នើឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាជួយរៀបចំសងថ្ងៃ ឈប់សម្រាក ដែលបានផ្អាកកាលពីបុណ្យចូលឆ្នាំកន្លងមក​ ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦​ ក្នុងខែសីហា​ ឆ្នាំ២០២០​នេះ​ ។

ប្រធានសម្ព័ន្ធសហជីពជាតិ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១១ កក្កដានេះថា «
ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពជាតិ​ សូមអំពាវនាវដល់​ឯកឧត្តម​ បណ្ឌិត​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាជួយរៀបចំថ្ងៃសង បុណ្យចូលឆ្នាំដែលបានលើកកន្លងមក​ ឲ្យចំក្នុងចន្លោះពីថ្ងៃទី១២-១៦​ ក្នុងខែសីហា​ ឆ្នាំ២០២០​នេះ​ ចំនឹងថ្ងៃដែលបងប្អូនកម្មករ-កម្មការិនី បានបើកប្រាក់ឈ្នួលរួច​ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ពួកគាត់​មានសោរហ៊ុយធ្វើដំណើរ ទៅលេងស្រុកកំណើត» ។

សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិនៃ ការរីករាលដាលជំងឺកូវីដ១៩ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ៕

To Top