នយោបាយ

សម្ដេចតេជោ៖ ពលរដ្ឋអាចដើរលេង ពេញស្រុកខ្មែរ ជាមួយនឹងថ្ងៃសង ឈប់សម្រាក ដែលផ្អាក កាលពី ចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសសងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលបានផ្អាកកាលពីកន្លងមក ចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហាខាងមុខនេះ ជាពិសេសប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាកម្មករ អាចមានពេលដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា នៅក្នុងប្រទេស ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការរៀបចំ ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែការរីក រាលដាលនៃ ជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ជំងឺនេះ និងមិនអនុញ្ញាតឲ្យបុគ្គលិក មន្ត្រីរាជការបម្រើការងារ នៅតាមស្ថាប័នរដ្ឋ ឯកជនឈប់សម្រាកនោះទេ ដោយសម្តេច ក៏បានប្រកាសផងដែរថា នឹងសងថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដល់ប្រជាពលរដ្ឋវិញ នៅពេលវេលា សមស្របណាមួយ ។

ក្នុងឱកាសអញ្ជើញចុះទៅ ពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកទី១៤ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសថា ដល់ពេលរាជរដ្ឋាភិបាល ត្រូវសងថ្ងៃឈប់សម្រាក ដែលបានផ្អាកកាលពី បុណ្យចូលឆ្នាំខ្មែរ ដោយសារការរាតត្បាតនៃជំងឺកូវីដ ។

សម្ដេចតេជោបញ្ជាក់ថា «ឥឡូវសង ៥ថ្ងៃ ម្សិលម្ងៃបានអនុម័តជូនហើយ សងថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ប៉ុន្តែបើយោងទៅលើការគិតបែបនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនីរបស់យើង ឈប់បាន ៩ថ្ងៃជាប់គ្នា ព្រោះអ្វី យើងឈប់ពីថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ ដល់ថ្ងៃសៅរ៍សម្រាក អាទិត្យសម្រាក អាហ្នឹងមិន ៧ថ្ងៃ ចុះមិនមកដល់ថ្ងៃចន្ទ មិនសៅរ៍អាទិត្យដែរ ចឹងវា ៩ថ្ងៃ ល្មមដើរលេងពេញស្រុកខ្មែរ» ។

សម្ដេចបន្ថែមថា ការសម្រេចយកថ្ងៃ១៧-២១ សីហា ដើម្បីសងឲ្យពលរដ្ឋវិញ គឺដើម្បីទុកពេលវេលាឲ្យ ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យ អនុវត្តដាច់ខាតតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃ ថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ ។

សម្ដេចតេជោគូសបញ្ជាក់ថា សម្រាប់រោងចក្រសហគ្រាស អាចឈប់មុន ឬអាចឈប់ក្រោយ ទៅតាមការស្រុះស្រួគ្នា រវាងកម្មករ ជាមួយថៅកែរោងចក្រ ប៉ុន្តែរាជរដ្ឋាភិបាល សុំសង ៥ថ្ងៃ ពីថ្ងៃទី១៧-២១ សីហា ៕

ដោយ៖ ខា ដា

To Top