បរទេស៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយប្រទេសថៃ ដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងការពារសន្ទុះនៃការអភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។
យោងតាមទីភ្នាក់ងារព័ត៌មាន សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០ បានឱ្យដឹងទៀតថា លោកស៊ីបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។
លោកស៊ីបាននិយាយថា ចាប់តាំងពីការរីករាលដាល នៃមេរោគកូវីដ១៩ ចិននិងថៃបានគាំទ្រគ្នានិងរួមគ្នា ដើម្បីជំនះការលំបាកដែលបង្ហាញពី មិត្តភាពដ៏ជ្រាលជ្រៅដូចក្រុមគ្រួសារជាមួយនឹងការប្រព្រឹត្ដជាក់ស្តែង។
លោកបានបន្ថែមថា បច្ចុប្បន្ននេះដោយជំងឺរាតត្បាត នៅតែរីករាលដាលពាសពេញសកលលោក ចិននិងថៃ កំពុងស្ថិតក្នុងសម្ពាធដើម្បីការពារករណីនាំចូលនិងទប់ស្កាត់ការកើតឡើងវិញក្នុងស្រុក។
លោកបានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសថៃ ដើម្បីបង្កើនការចែករំលែកបទពិសោធសម្របសម្រួល ការគ្រប់គ្រងការរីករាលដាល និងការអភិវឌ្ឍសេដ្ឋកិច្ចនិង អនុវត្តការបន្តការងារ និងផលិតកម្មប្រកបដោយសុវត្ថិភាពនិងសុខភាពឡើងវិញ ឱ្យមានរបៀបរៀបរយ ខណៈពេលដែលរក្សាវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតជាប្រចាំ៕ប្រែសម្រួលៈ ណៃតុលា