ព័ត៌មានជាតិ

ថៅកែរោងចក្រ ថៃយ៉ា ហ្គារមេន អ៊ិនដាសស្រ្ទៀល ព្រមបើកប្រាក់ឲ្យកម្មករ ក្រោមការចូលរួមដោះស្រាយ ពីអភិបាលខេត្តកណ្តាល

ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចសម្រប សម្រួលពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមានការ ចូលរួមពីមន្រ្តីជំនាញ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្មករ និយោជិត និងតំណាងក្រុមហ៊ុន ថៃយ៉ា ហ្គារមេន អ៊ិនដាសស្រ្ទៀល ខូអិលធីឌី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឮ ខេត្តកណ្តាល បានព្រៀមព្រៀងលើ លក្ខខណ្ឌ៥ចំណុច ក្នុងការបើកប្រាក់ឲ្យក្រុមកម្មករ។

លក្ខខណ្ឌចំនួន៥ចំណុចគឺ៖
១-ភាគីក្រុមហ៊ុននឹងបើកប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិតទាំងអស់។

២-ភាគីក្រុមហ៊ុននឹងបើកប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។

៣-ភាគីក្រុមហ៊ុននឹងបើកប្រាក់ដំណាច់រំលឹកអតីភាពការងារ និងប្រាក់បំណាច់អតីភាពការងារឆ្នាំ២០២០។

៤-ភាគីក្រុមហ៊ុននឹងផ្តល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន ៣៥% នៃប្រាក់ខែគោល តាមការសន្យាជាមួយកម្មករ និយោជិតកន្លងមក។

និង៥-ក្រុមហ៊ុននឹងបិទផ្សាយបញ្ជីបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ និងបើកផ្តល់ជូនកម្មករនិយោជិត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ថៃយ៉ា ហ្គាមេន បានដាក់ លិខិតសុំព្យួរការងារអស់រយៈពេលពីរខែម្តងរួចហើយ ក្រោយមកបានបិទសង្វាក់ផលិតកម្ម និងសុំបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ និយោជិតកាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ។

ក្រោយការប្រកាសបែបនេះកម្មករ កម្មការិនីចំនួន៧២៤នាក់បានផ្ទុះបាតុកម្មឡើង៕

To Top