ព័ត៌មានជាតិ

កម្ពុជា បណ្ដេញចេញ ជនបរទេស ខុសច្បាប់ ជិត២ម៉ឺននាក់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ មកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានបណ្ដេញចេញជនបរទេស ខុសច្បាប់ចំនួន១៧.២៣០នាក់ មាន១០៤សញ្ជាតិ។

របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អានដោយ ឧត្តម សេនីយ៍ឯក ណុប វី អគ្គនាយករងអន្ដោប្រវេសន៍ក្នុងកិច្ចប្រជុំបូកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បាន បញ្ជាក់ថា «គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ឆ្នាំ២០១៤ មកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ បានបណ្ដេញចេញជនបរទេសខុស ច្បាប់ ចំនួន១៧.២៣០នាក់ ស្រី២.៩៧១នាក់ មាន១០៤សញ្ជាតិ»។

ឧត្តមសេនីយ៍ឯកបន្ដថា ជនបរទេសដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារនៅទូទាំងប្រទេសគិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ស្រី២៤៩នាក់ មានចំនួន៤៥សញ្ជិត ។ ភាគច្រើនជាងគេ គឺជនជាតិ វៀតណាម៧៤៩នាក់ ស្រី១៦៨ ,ចិន៧២៧នាក់ ស្រី២៤នាក់ ,នីហេ្សរីយ៉ា៧៣នាក់ ស្រី១នាក់ ,ថៃ៦៨នាក់ ស្រី២៦។ ក្នុងនោះ ជនដែល ត្រូវចោទមានចំនួន៥៨៩នាក់ ស្រី៥៤នាក់ ,ជនជាប់ចោទ មានចំនួន៣០៩នាក់ ស្រី២៧នាក់ ,ពិរុទ្ធជន មានចំនួន៦៨៣នាក់ ស្រី៩៤នាក់ ,ទណ្ឌិត មានចំនួន២៩៣នាក់ ស្រី៧៤នាក់។

ឧត្តមសេនីយ៍ឯកបន្ថែមថា ជនបរទេសរងគ្រោះដោយឧប្បទ្ទវហេតុផ្សេងៗ ចំនួន២១១នាក់ លើ១៣២នាក់ ក្នុងនោះស្លាប់ដោយសារជំងឺ១០០ លើ៥៤ នាក់ ,ឃាតកម្ម៤នាក់ លើ០០នាក់ ,អត្តឃាដ១៤នាក់ លើ០១នាក់ ដោយគ្រោះថ្នាក់ ចរាចរណ៍៥នាក់  លើ០៨នាក់ និងរងគ្រោះដោយអំពើផ្សេងៗ ចំនួន៨៨នាក់ លើ៣៧នាក់៕ ដោយ អេង ប៊ូឆេង

To Top