ព័ត៌មានជាតិ

រដ្ឋមន្រ្តីផែនការ ស្នើប្រធានអង្គការ កម្មវិធីស្បៀង អាហារពិភពលោក បន្តជួយកម្ពុជា

ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើឲ្យលោកស្រី Francesca Erdelmann ប្រធានអង្គការកម្មវិធីស្បៀង អាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា បន្តជួយកម្ពុជាទៀត តាមរយៈផ្តល់ជាជំនួយបច្ចេកទេស និងថវិកា សម្រាប់ការផលិតយុទ្ធសាស្ត្រ នៃអាហារបញ្ចូល មីក្រូសារជាតិ ពង្រីកកម្មវិធីអង្ករ បញ្ចូលមីក្រូសារជាតិ កាន់តែទូលំទូលាយថែមទៀត។

ក្នុងជំនួបជាមួយលោកស្រី លោកស្រី Francesca Erdelmann នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកឆាយ ថន បានថ្លែងថា “ខ្ញុំសំណូមពរ ដល់លោកស្រី ក៏ដូចជាសហការី របស់លោកស្រី ដែលនឹងត្រូវចូលកាន់តំណែង នាពេលខាងមុខ សូមបន្តការផ្តល់ជំនួយបច្ចេកទេស និងថវិកា សម្រាប់ការផលិត យុទ្ធសាស្ត្រនៃអាហារ បញ្ចូលមីក្រូសារជាតិ ពង្រីកកម្មវិធីអង្ករ បញ្ចូលមីក្រូសារជាតិ ឱ្យកាន់តែទូលំទូលាយថែមទៀត ដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទៅលើសកលលោក និងការគាំទ្រដល់កម្មវិធីអាហារ បញ្ចូលមីក្រូសារជាតិផ្សេងទៀត ឲ្យបានល្អប្រសើរឡើង”។

លោកបន្តថា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង ទិន្នន័យស្ថិតិជាតិ កាន់តែមានគុណភាព ប្រសិទ្ធភាព និងភាពទាន់ពេលវេលាសម្រាប់បំពេញ តម្រូវការប្រើប្រាស់ ទិន្នន័យស្ថិតិ ដែលកើនឡើងជាលំដាប់តាមនិន្នាការ នៃបរិបទសេដ្ឋកិច្ច ក្នុងតំបន់ និងសកលលោក មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ ដែលនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល។

ក្នុងឱកាសនោះ លោកស្រី Francesca Erdelmann បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរ ជាមួយក្រសួងផែនការ និងជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញ ទទួលបន្ទុកទាំងអស់ដែលបានជួយសហការគ្នាយ៉ាងល្អ ពង្រឹង និងគាំទ្រគ្នាបានយ៉ាងល្អ រាល់កិច្ចសហប្រតិបត្តិការ ជាមួយគ្នា។

ជាមួយគ្នានោះលោកស្រីទូត ចង់ឲ្យក្រសួងផែនការ បន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្តទៀត ជាមួយប្រធានអង្គការ កម្មវិធីស្បៀងអាហារពិភព លោក (WFP) ប្រចាំប្រទេសកម្ពុជាថ្មី នឹងចូលមកកាន់តំណែងនាពេលដ៏ឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ របស់អង្គការកម្មវិធីស្បៀង អាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖ធី លីថូ

To Top