ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេស ចុះអនុវត្តការងារជីកស្រះ ទាញយកទឹកទន្លេ មកបម្រើឲ្យការចិញ្ចឹមត្រី ជូនប្រជា កសិករ នៅភូមិពន្លៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអ្នកបច្ចេកទេស របស់ក្រសួង មន្ទីរធន ធានទឹក និងឧតុនិយមខេត្តព្រៃវែង និងលោកស្រីអភិបាលស្រុកពាមរក៍ ចុះអនុវត្តការងារជីកស្រះ ស្ថិតក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង អនុវត្តតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ក្នុងឱកាស ដែលសម្តេច តេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមជួបសំណេះ សំណាលផ្ទាល់ ជាមួយបងប្អូនប្រជាកសិករ នៅមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ស្ថិតក្នុង ស្រុកពាមរក៍ ខេត្តព្រៃវែង បានឲ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជីកស្រះ និងចុះសិក្សាទាញយកទឹកទន្លេ ជំនួសឲ្យការប្រើប្រាស់ទឹកក្រោមដី មកបម្រើឲ្យការចិញ្ចឹមត្រី របស់ប្រជា កសិករ ។

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់នេះ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីលោករដ្ឋមន្ត្រី បានចាត់អ្នក បច្ចេកទេសរបស់ក្រសួង រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការសិក្សា និងឈានទៅ អនុវត្តនាពេលនេះ ។ ក្នុងការចុះដឹកនាំបញ្ជាផ្ទាល់ នៅលើទីតាំងជីកស្រះនេះ លោករដ្ឋមន្រ្តី បានទិញដីពីប្រជាកសិករ ចំនួន ១,៨ ហិកតា សម្រាប់ធ្វើការ ជីកស្រះថ្មី, ជួយស្តារស្រះចាស់ របស់កសិករទំហំ ១,៦ ហិកតា និងធ្វើការស្តារប្រឡាយ ដើម្បីបង្ហូរទឹកចូលស្រះប្រវែង ៦០០ ម៉ែត្របន្ថែមទៀត ។
ដោយមានសំណូមពរ ពីលោកស្រីអភិបាលស្រុក ក៏ដូចជាប្រជាកសិករ លោករដ្ឋមន្រ្តី បានសន្យា ជាមួយពួកគាត់ នឹងជួយស្តារដៃទន្លេតូចប្រវែង ៥ Km ដោយមានទ្វារទឹកបិតបើក និងសាងសង់ស្ពានតូចៗ ឆ្លងកាត់ព្រែកមួយចំនួនទៀត នៅពេលរដូវទឹកសម្រកខាងមុននេះ ។ ទំហំការងារ ដែលបាន និងកំពុងអនុវត្ត រួមមាន ៖

  • ជីកស្រះថ្មី ទំហំ ១,៨ ហិកតា មានជម្រៅ ៣,៥ ម៉ែត្រ ចំនួន ០១ កន្លែង (សម្រាប់តម្កល់ទឹកទុកបែងចែកទៅបណ្ដាស្រះផ្សេងៗ)
  • ស្តារស្រះចាស់ ទំហំ ១,៦ ហិកតា មានជម្រៅ ២,០ ម៉ែត្រ ចំនួន ០១ កន្លែង
  • ស្តារប្រឡាយប្រវែង ៦០០ ម៉ែត្រ (សម្រាប់បង្ហូរទឹកចូលស្រះ និងការងារបង្កបង្កើនផល)

សូមបញ្ជាក់ថា ក្រោយពីការងារជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយរួចរាល់ ប្រជាកសិករចំនួន ២៧ គ្រួសារ រស់នៅក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានស្រះចំនួន ៤៣ កន្លែង នៅក្បែរៗនេះ អាចបង្ហូរ និងបូមទឹកយកទៅប្រើប្រាស់ សម្រាប់ការងារបង្កបង្កើន និងការចិញ្ចឹមត្រី បានទាំងរដូវប្រាំង និងរដូវវស្សា ។ ចំពោះសមិទ្ធផលស្រះថ្មីនេះ បងប្អូនប្រជាកសិករ សូមប្រសិទ្ធនាមថា ស្រះសម្ដេចតេជោ ហ៊ុន សែន ៕

To Top