ព័ត៌មានអន្តរជាតិ

លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន ពិភាក្សាគ្នាពីបញ្ហាជម្លោះ នៅអ៊ុយក្រែន ភាគខាងកើត នៅមុនមានបទ ឈប់បាញ់គ្នា

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពិភាក្សាគ្នាអំពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត ហើយប្រធានាធិបតីទាំងពីរ បានបង្ហាញការគាំទ្រ ចំពោះបទឈប់បាញ់គ្នា ដែលចាប់ផ្តើមអនុវត្ត នៅថ្ងៃទី២៧ ខែកក្កដានេះ។

ដោយពោលសម្តៅ ដល់ប្រទេសអ៊ុយក្រែន ភាគខាងកើត ការិយាល័យប្រធានាធិបតី អ៊ុយក្រែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ដូច្នេះថា “មេដឹកនាំបានព្រមព្រៀងគ្នា លើភាពចាំបាច់ឲ្យមានការអនុវត្ត ជាបន្ទាន់នូវចំណាត់ការបន្ថែម ដើម្បីគាំទ្របទឈប់បាញ់គ្នា នៅក្នុងតំបន់ Donbass “។

គួរបញ្ជាក់ថា មន្ត្រីចរចារបស់ប្រទេសអ៊ុយក្រែន រុស្ស៊ី និងអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប បានព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នា ទាំងស្រុងនៅខែកក្កដានេះ រវាងកងកម្លាំងរដ្ឋាភិបាលនិងពួកបះបោរគាំទ្ររុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត ដោយបញ្ឈប់ជម្លោះយោធា ដែលបានឆក់យកជីវិត មនុស្សជាង១៣.០០០នាក់ ចាប់តំាងពីឆ្នាំ២០១៤មក ៕ ប្រែសម្រួល៖ប៉ាង កុង

To Top