បរទេស៖ នៅថ្ងៃព្រហស្បតិ៍ តុលាការកំពូលប្រទេសថៃ បានកាត់ទោសអតីតនាយករដ្ឋមន្រ្តី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទកាន់កាប់ភាគហ៊ុនខុសច្បាប់ នៅក្នុងក្រុមហ៊ុនសម្បទានទូរស័ព្ទ និងទំនាស់ផលប្រយោជន៍ ហើយថែមទាំងចេញដីកា ចាប់ខ្លួនលោកថែមទៀតផង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្នែកព្រហ្មទណ្ឌ របស់តុលាការកំពូល សម្រាប់អ្នកកាន់តំណែង នយោបាយបាននិយាយថា ខ្លួនបានបន្តការកាត់ក្តី ក្នុងករណីប្រឆាំងនឹង លោកថាក់ស៊ីន ដោយកំបាំងមុខដូច ដែលបានអនុញ្ញាតដោយវិធាន Organic Act ថ្មីស្តីពីនីតិវិធីព្រហ្មទណ្ឌសម្រាប់អ្នកកាន់ តំណែងនយោបាយក្នុងឆ្នាំ ២០១៧ ។
លោកថាក់ស៊ីន ក៏ត្រូវបានអគ្គព្រះរាជអាជ្ញា ចោទប្រកាន់ក្នុងឆ្នាំ ២០០៨ ពីបទចោទប្រកាន់មិនត្រឹមត្រូវ និងទំនាស់ផលប្រយោជន៍នៅរវាងថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០០១ និងថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០០៦ ក្នុងអំឡុងពេលពីរអាណត្តិ របស់លោកជានាយករដ្ឋមន្ត្រី។
លោកថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ប្រឆាំង នឹងអំពើពុករលួយ ដោយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp តាមរយៈតំណាង។ វិធាននេះ គឺបានហាមឃាត់មន្ត្រីរដ្ឋាភិបាល មិនឱ្យកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនម៉ៅការរបស់រដ្ឋ។ លោក ថាក់ស៊ីន ក៏ត្រូវបានគេចោទប្រកាន់ ពីបទទំនាស់ផលប្រយោជន៍ ក្នុងការរំលោភក្រមព្រហ្មទណ្ឌផងដែរ ៕ ប្រែសម្រួលៈ ណៃ តុលា