ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច បង្កើតលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្ដរាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពី ការបង្កើតលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។

នាឱកាសនោះ លោក តេង សាវង្ស មានប្រសាសន៍ថា «នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសៀវ ភៅគោលនយោបាយរួមមួយ ហើយសៀវភៅគោល នយោបាយនេះ ពាក់ព័ន្ធដល់កិច្ចការងាររួម របស់រាជរដ្ឋាភិបាល ដែលជាវិធានការ ទប់ស្កាត់រាល់បញ្ហា កើតមានឡើងជាគ្រោះមហន្ដរាយ ដែលរាជរដ្ឋាភិបាល ត្រូវមានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ត រាយ» ។

លោកបន្ដថា ការងារគ្រប់គ្រងគ្រោះមហន្ដរាយ មានសារៈសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាចុះជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំផ្ទាល់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ដែលមានភារកិច្ចសំខាន់ៗរួមមាន៖

ទី១-កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្ដរាយទាំង ដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។

ទី២-ចូលរួមសហការជាមួយបណ្ដាល កងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ។

ទី៣-សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន ក្នុងការដាក់ចេញអនុវត្តនូវវិធានការចាំបាច់បន្ទាន់ ក្នុងការរុករក និងសង្គ្រោះ ចំពោះគ្រោះមហន្ដរាយ ដែលបាននិងកំពុងកើតឡើង។

ទី៤-កសាងផែនការត្រៀមបម្រុង ទុកជាមុន អំពីផ្នែកហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីឆ្លើយតបដោះស្រាយទាន់ពេលវេលា ចំពោះប្រតិ្តបត្តិការរុករក និងសង្គ្រោះរបស់កងកម្លាំង។

និងទី៥-អនុវត្តភារកិច្ចផ្សេងៗទៀតដែលគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឬរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃប្រគល់ឲ្យ៕

ដោយ ៖ អេង ប៊ូឆេង

To Top