ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងអ៊ីរ៉ង់ ចាប់ផ្តើមចរចាស្តីពីសំណង សម្រាប់ការធ្លាក់យន្ដហោះ អ៊ុយក្រែន

គៀវ៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមចរចា ជាមួយគណៈប្រតិភូអ៊ីរ៉ង់មួយ ស្តីពីសំណងសម្រាប់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិអ៊ុយក្រែន (UIA) ដែលត្រូវបានបាញ់ទម្លាក់នៅក្បែរ ទីក្រុងតេអេរ៉ង់ កាលពីដើមឆ្នាំនេះ។

អ្នកការទូតរូបនេះបានលើកឡើងថា “ថ្ងៃនេះនៅក្នុង ទីក្រុងគៀវ គណៈប្រតិភូអ៊ីរ៉ង់ បានចាប់ផ្តើមការចរចា ស្តីពីសំណងសម្រាប់ការបាញ់ទម្លាក់ យន្តហោះអ៊ែរឡាញអន្ដរជាតិ PS752 របស់អ៊ីរ៉ង់។ យើងបានខិតខំអស់រយៈពេល ជាយូរមកហើយ ដើម្បីចាប់ផ្តើមដំណើរការចរចា ហើយខ្ញុំស្វាគមន៍ការចាប់ផ្តើមនៃការចរចានេះ” ។

លោកបានកត់សម្គាល់ថា ដំណើរការនេះ នឹងមិនងាយស្រួលនោះទេ ប៉ុន្តែអ៊ុយក្រែននឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទទួលបានសំណងអតិបរិមា សម្រាប់សាច់ញាតិរបស់ជនរងគ្រោះដោយសារការធ្លាក់យន្តហោះខាងលើនេះ។

យន្តហោះប៊ូអ៊ីង – ៧៣៧ ដែលធ្វើដំណើរពីតេហេរ៉ង់ ទៅគៀវ ត្រូវបានបាញ់ទម្លាក់ដោយរ៉ុក្កែត ២ គ្រាប់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន អន្តរជាតិ Khomeini របស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃទី០៨ ខែមករា។

គួរបញ្ជាក់ថា នៅលើយន្ដហោះមានអ្នកដំនើរ ដូចជាពលរដ្ឋអ៊ុយក្រែន អ៊ីរ៉ង់ កាណាដា ស៊ុយអែត អាហ្វហ្គានីស្ថាន និងចក្រភពអង់គ្លេស៕ដោយ ឈូក បូរ៉ា

To Top