សៀមរាប ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បន្តឧបត្ថម្ភអង្ករ១០តោន ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២០ ជូនដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។
លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់ បានមានប្រសាសន៍ថា នេះជាឆ្នាំទី២ ដែលវីតាល់ឧបត្ថម្ភអង្ករ១០តោន ជូនមន្ទីរពេទ្យ បន្ទាប់ពីក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀង ឧបត្ថម្ភអង្ករ១០តោន ក្នុង១ឆ្នាំ រយៈពេល ៣ឆ្នាំ កាលពីឆ្នាំ២០១៩ ។
លោកបន្តថា «វីតាល់ តែងយកចិត្តទុកដាក់ លើសកម្មភាព មនុស្សធម៌ ហើយក្រុមការងារយើងបានយល់ដឹងច្បាស់ ពីគុណតម្លៃ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្ម ជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់រយនាក់ជារៀងរាល់ថ្ងៃ។»
លោកបានបង្ហើបឲ្យដឹងទៀតថា «ការចូលរួមរបស់យើងក្នុងថ្ងៃនេះ ជាមួយមន្ទីរពេទ្យកុមារអង្គរ បានមកពីមូលនិធិ២៥៛ របស់វីតាល់ ដែលយើងតែងដកថវិកា២៥៛ ពីការលក់វីតាល់ក្នុងមួយដប សម្រាប់ចូលរួមក្នុងការងារសង្គមនានា ។ ជាមួយនឹងមូលនិធិ២៥៛ នេះ យើងនឹងបន្តពង្រឹងវិសាលភាព នៃសកម្មភាពមនុស្សធម៌ ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍ ដោយមាននិរន្តរភាពទៅថ្ងៃអនាគត»។
លោក ទេព ណាវី នាយកប្រត្តិបត្តិការ នៃមន្ទីពេទ្យកុមារអង្គរ បានស្ញើចសរសើរដល់ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនជាតិគំរូ ដែលតែងយកចិត្តទុកដាក់ ដល់កម្មវិធីមនុស្សធម៌ និងបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ដែលបានជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ។ ការចូលរួមនេះ បានជួយលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានកម្លាំងចិត្តបម្រើសេវាកម្ម ពិនិត្យព្យាបាលកុមារកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងទៀត ខណៈមន្ទីរពេទ្យកំពុងត្រូវការជំនួយនេះ។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរ កាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ ៕