ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ច ៖ គួរបញ្ចូល កម្មវិធីបណ្តុះបណ្តាលអ្នក ដឹកជញ្ជូនផលិតផល លក់តាមអនឡាញ

ភ្នំពេញ ៖ “ពេលនេះ និងទៅអនាគត ការទិញទំនិញអនឡាញ និងការដឹកជញ្ជូនទំនិញដល់ផ្ទះ នឹងកាន់តែកើនឡើង។ វាគឺជាឱកាស សម្រាប់ការបង្កើតការងារបន្ថែម និងតម្លៃបន្ថែមសម្រាប់ការលក់ទំនិញ”។

នេះជាប្រសាសន៍របស់លោក ច័ន្ទ សុផល អ្នកវិភាគ សេដ្ឋកិច្ចក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

ប៉ុន្តែអ្នកដឹកជញ្ជូន ផលិតផលអនឡាញភាគច្រើន មិនសូវច្បាស់ខាង អាសយដ្ឋានអ្នកបញ្ជាទិញ ហើយឧស្សាហ៍តេមកសួរនាំច្រើនដង ធ្វើឲ្យអ្នកទិញធុញទ្រាន់ទៅវិញ ទើបលោកស្នើឲ្យស្ថាប័នជំនាញគួរ បញ្ចូលកម្មវិធីបណ្តុះបណ្តាល អ្នកដឹកជញ្ជូនផលិតផល លក់តាមអនឡាញ។

លោកបន្តថា នៅពេលទិញទំនិញ ហើយឲ្យគេដឹកដល់ផ្ទះម្តងៗ លោកធុញនឹងការពន្យល់ពីអាសយដ្ឋាន និងការឆ្លើយទូរស័ព្ទបីឬបួនដង។ បើជាប់រវល់ប្រជុំផង ពិតជាពិបាកហើយ។ នេះគឺមកពីអ្នកធ្វើការ ខាងដឹកជញ្ជូនដល់ផ្ទះខ្វះជំនាញខ្លាំង ជាពិសេសគឺការ ស្គាល់ភូមិសាស្រ្ត និងអាសយដ្ឋាន ដែលគេអាចរៀនបាន។

លោកថា “ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេសគួរ មានបញ្ចូលកម្មវិធីបណ្តុះបណ្តាល អ្នកដឹកជញ្ជូនទំនិញ ដល់ផ្ទះ។ ខ្ញុំជឿជាក់ថា ជំនាញនេះនឹងមានតម្រូវការ កាន់តែច្រើនទៅអនាគត ពីព្រោះសេដ្ឋកិច្ចឌីជីថល កាន់តែមានសារសំខាន់។ ទន្ទឹមនឹងនេះ ការរៀបចំ ឲ្យមានអាសយដ្ឋានច្បាស់លាស់ នៅគ្រប់ទីកន្លែង ក៏ត្រូវតែចាប់ផ្តើមហើយ”៕

To Top