ភ្នំពេញ ៖ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជាត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេច បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ (ព្រៃស) នៅម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី១ សីហា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី។
ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លោកពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក នាម៉ោង៩យប់ថ្ងៃ៣១ កក្កដា។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ចោទថា ការបោះ បង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាព មិនប្រក្រតីច្រើនធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីវៀតណាមជាច្រើនហិកតា ហើយបើគិតពីបន្ទាប់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល ៥០០ម៉ែត្រក្នុងដីកម្ពុជា… ។លោកថា ខ្សែបន្ទាត់ព្រំដែន ចេះតែ រំកិលបន្តិច ម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ ៕