ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ សព្វថ្ងៃពលរដ្ឋពាក់ម៉ាស់ កាន់តែតិច ហើយធ្វេសប្រហែល ខណៈអ្នកឆ្លងកូវីដ លើពិភពលោកកើនឡើង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តាមការសង្កេតមើល បច្ចុប្បន្នចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយ មានការធ្វេសប្រហែសទៀតផង។

ចំពោះបញ្ហានេះ សម្តេចបានអំពាវនាវសារជាថ្មីឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩។

បើតាមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃ២ សីហា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មាននៅ២១៦ប្រទេស ទូទាំងពិភពលោក។ ក្នុងនោះបានកើនឡើងដល់ ១៧ ៣៩៦ ៩៤៣នាក់ ហើយចំនួនអ្នកស្លាប់កើនដល់ ៦៧៥ ០៦០នាក់ និងចំនួនកើតឡើងថ្មី ២៨៩ ៣២១ករណី។ 

សម្រាប់កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន២៤០ នាក់ អ្នកព្យាបាលបានជាសះស្បើយមានចំនួន១៩៦ នាក់ (ក្នុងនោះរកឃើញករណីថ្មីចំនួន ១ករណី និងជាសះស្បើយថ្មីចំនួន៣២នាក់ថ្មី)ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៤៤នាក់។ 

សម្តេចតេជោបន្តថា ដូច្នេះប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ។ 

សម្តេចនាយករដ្ឋមន្រ្តីបានផ្ញើសារផ្តាំផ្ញើថា ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានដាច់ខាត ដើម្បីសុវត្ថិភាព សុខភាពទាំងអស់គ្នា៕

To Top