ព័ត៌មានអន្តរជាតិ

ប៉ូលីសក្រុងញូវយ៉ក បញ្ចេញវីដេអូ នៃការបាញ់ប្រហារមួយ ក្នុងថ្ងៃបុណ្យឯករាជ្យអាមេរិក

បរទេស៖ នាយកដ្ឋានប៉ូលីសក្រុងញូវយ៉ក (NYPD) នៃកម្មវិធីទប់ស្កាត់ ឧក្រិដ្ឋកម្ម កាលពីថ្ងៃអាទិត្យ បានបញ្ចេញនូវវីដេអូ ក្នុងកាមេរ៉ាឃ្លាំមើល នៃអំពើបាញ់ប្រហារមួយ ដែលបានកើតឡើងនៅលើផ្លូវ Sheffield Avenue ក្នុងតំបន់ Brooklyn ទីក្រុង ញូវយ៉ក ជាមធ្យោបាយរួមទាំង សាធារណជនផងដែរ ក្នុងការស្វែងរកខ្មាន់កាំភ្លើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងវីដេអូនោះ គឺជនរងគ្រោះជាបុរសអាយុ ២១ ឆ្នាំ ហាក់ដូចជាកំពុងជជែកលេង ជាមួយមនុស្សម្នាក់ទៀត នៅផ្លូវ Sheffield Avenue ក្បែរផ្លូវ Hegeman Avenue នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យ របស់សហរដ្ឋអាមេរិកនៅ ម៉ោងប្រហែល ២ និង ៥៥ នាទី ហើយជនសង្ស័យ មកពីក្រោយជនរងគ្រោះ។

ដោយប្រើកាំភ្លើងខ្លី អ្នកវាយប្រហារបាញ់ ទៅលើជនរងគ្រោះចំនួនពីរគ្រាប់ គ្រាប់ទីមួយបាញ់ចំពី នៅខាងក្រោយ និងមួយគ្រាប់ទៀត បាញ់ចំស្មារខាងឆ្វេង។ ជនរងគ្រោះត្រូវបាន គេរាយការណ៍ថា នៅមានជីវិតនៅឡើយ។

ជនសង្ស័យដែលត្រូវ បានគេពិពណ៌នាថា មានអាយុ ២២ ឆ្នាំជាបុរសមានស្បែកស ពាក់អាវដៃវែងពណ៌ស្រាល ខោពណ៌ស្រាល និងមួកនេសាទ ហើយ ពេលនេះត្រូវបានប៉ូលីស NYPD កំពុងស្វែងរកចាប់ខ្លួន ។

យោងតាមសារព័ត៌មានញូវយ៉កប៉ុស្តិ៍ បានអោយដឹងថា ប៉ូលីស Brooklyn បានកត់ត្រាអំពីការបាញ់ ប្រហារចំនួន ៤៩ ដងនៅថ្ងៃបុណ្យឯករាជ្យជាតិ ៤ កក្កដា។

គិតត្រឹមថ្ងៃទី ១ ខែសីហា ទីក្រុងនេះបានឃើញហេតុការណ៍ បាញ់ប្រហារចំនួន ៧៧៧ ករណី ដែលលើសចំនួន នៃការបាញ់ប្រហារ ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top