ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ អំពាវនាវដល់ ពលរដ្ឋឲ្យបញ្ឈប់សកម្មភាពខុសច្បាប់ទាមទារដោះលែង លោក រ៉ុង ឈុន

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពខុសច្បាប់ទាមទារដោះលែង លោករ៉ុងឈុន ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាព របស់ខ្លួន មុននឹងអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីមានការអនុវត្តវិធាន ការច្បាប់ចំពោះជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពាក់ព័ន្ធនឹងអំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ក្រសួងសង្កេតឃើញថា មានបុគ្គលមួយចំនួនបានមកប្រមូលផ្ដុំគ្នាធ្វើការទាមទារឲ្យមានការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងសកម្មភាពនេះ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ សូមគូសបញ្ជាក់ថា ៖

ទី១-សកម្មភាពក្នុងការប្រមូលផ្តុំមនុស្សនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។ ផ្ទុយទៅវិញទង្វើនេះ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខនឹង ការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

និងទី២-ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់អំពីបទល្មើសណាមួយរបស់អង្គការអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់ នៅចំពោះមុខតុលាការ។ ក្នុងន័យនេះ ជនត្រូវចោទឈ្មោះ រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែៗ មួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាម នីតិវិធីជាធរមាននៅចំពោះមុខស្ថាប័នតុលាការ។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា »អំពាវនាវដល់បងប្អូនដែលកំពុងធ្វើសកម្មភាពខុសច្បាប់ខាងលើនេះ សូមបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរបស់ខ្លួន មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវ»។

ស្របជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ នៅថ្ងៃទី៣ សីហា នេះថា សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្ដីពី បាតុកម្មដោយសន្ដិវិធី ត្រង់មាត្រា៥ដែលបានចែងថា ក្រុមបុគ្គលណា ដែលមានបំណងធ្វើបាតុកម្មដោយសន្ដិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។

សូមរំលឹកថា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ សម្រេច បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារម១ (ព្រៃស) នៅម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី១ សីហា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី ក្រោយព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់លោក ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះរបស់លោក នាម៉ោង៩យប់ថ្ងៃ៣១ កក្កដា៕

ដោយ ៖ អេង ប៊ូឆេង

To Top