ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកូសូវ៉ូ ៖ លោកឆ្លងជម្ងឺកូវីដ១៩

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសកូសូវ៉ូ លោក Avdullah Hoti តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃអាទិត្យថា លោកបានឆ្លងជម្ងឺកូវីដ១៩ ហើយនឹងដាក់ខ្លួនឯង ឲ្យនៅក្នុងផ្ទះដាច់ ដោយឡែកពីគេ សម្រាប់រយៈពេល២សប្ដាហ៍។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក បានប្រឈមមុខនឹងការរិះគន់ សម្រាប់ការធ្វើមិនគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណា ដោយប្រទេសដ៏តូចនេះ បានរាយការណ៍ពីការកើនឡើង យ៉ាងខ្លាំងក្លាក្នុងករណីឆ្លងជម្ងឺកូវីដ១៩ នៅរយៈពេលពីរបីថ្ងៃកន្លងទៅនេះ ដោយរួមមានទាំងមនុស្ស ស្លាប់ចំនួន១៣នាក់ផង កាលពីថ្ងៃអាទិត្យ។

មនុស្សប្រមាណ៩.០០០នាក់ មានឆ្លងមេរោគកូរ៉ូណា និងមានមនុស្សស្លាប់ចំនួន២៤៩នាក់ ចាប់តាំងពីពាក់កណ្ដាល ខែកុម្ភៈមក ជាពេលដែលករណីឆ្លងដំបូង ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសកូសូវ៉ូ ដែលជាប្រទេសដ៏តូច ស្ថិតនៅលើឧបទ្វីបបាល់កង់នេះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top