ពោធិសាត់៖ បុរស២នាក់ បានយកក្បាលគ្រាប់ មិនស្គាល់ប្រភេទមកច្នៃ ក៏បណ្តាលអោយផ្ទុះ ស្លាប់ទាំង២នាក់តែម្តង ហេតុការណ៍ដ៏គួរអោយរន្ធត់នោះ បានកើតឡើងកាលពីវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចប៉ែតសិបផ្ទះចាំចំការ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។
បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះទាំង២នាក់ ដែលបានយកក្បាលគ្រាប់មកច្នៃ ហើយបណ្តាលអោយផ្ទុះស្លាប់នោះ មានឈ្មោះយ៉ង់ រី ភេទប្រុសអាយុ ៣៩ ឆ្នាំ និង ឈ្មោះង៉ែត ត្រា ភេទប្រុសអាយុ ២០ ឆ្នាំ ជនរងគ្រោះទាំង២នាក់ រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។
របាយការណ៍ របស់សមត្ថកិច្ចដដែល ក៏បានអោយដឹងទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ចុះពិនិត្យដល់កន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទាំង២នាក់ អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕