រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ កាលពីថ្ងៃចន្ទថា នៅក្នុងកំណត់ត្រាថ្មី មានអ្នកស្លាប់ចំនួន៥៦១នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៩៤.៦៦៥នាក់ ។
ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញ អ្នកឆ្លងជំងឺថ្មីចំនួន១៦.៦៤១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២.៧០៥.៣១៨នាក់ ។
ប្រេស៊ីល ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងចំណោមប្រទេស នៅអាមេរិកឡាទីន និងជាប្រទេសជាប់លំដាប់ទី២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ១៩ ។
ក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេ ហើយបានក្លាយជាទីក្រុង ដែលមានអ្នកឆ្លងជំងឺចំនួន៥៦០.០០០នាក់ និងមានអ្នកស្លាប់២៣.៣៦៥នាក់ បន្ទាប់មកមានក្រុង រីយ៉ូឌឺចាណេរ៉ូ មានអ្នកឆ្លងជំងឺ១៦៨.០៦៤នាក់ និងមានអ្នកស្លាប់ចំនួន១៣.៦០៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា