ព័ត៌មានជាតិ

សម្ដេចស ខេង៖ ធនាគារឯកជន៤ ស្នើសុំសហការ ជាមួយក្រសួងមហា ផ្ទៃផ្ដល់សេវា ក្នុងប្រតិបត្តិការ គ្រប់គ្រង ចំណូលរដ្ឋ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នាពេលកន្លងមកមានធនាគារឯកជនចំនួន៤ ស្នើសុំសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាមួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ។ ចំពោះសំណើនេះ ត្រូវសម្ដេចណែនាំឲ្យនាយកដ្ឋានពាក់ព័ន្ធ ធ្វើការសិក្សា។

ក្នុងកិច្ចប្រជុំស្តីពី សំណើសុំកិច្ចសហការផ្តល់សេវាធនាគារ សម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «កន្លងមក ធនាគារឯកជនចំនួន៤ បានស្នើសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាធនាគារ មួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ហើយសម្រាប់សំណើសុំកិច្ចសហការនេះក៏បានចាត់ចែងឲ្យនាយកដ្ឋានពាក់ព័ន្ធធ្វើការសិក្សា និង រៀបចំក្រុមការងារដើម្បីពិភាក្សាជាមួយធនាគារដៃគូទាំងនោះ»។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាបន្ថែមពីប្រព័ន្ធប្រតិបត្តិការរបស់ធនាគារនីមួយៗកាន់តែច្បាស់លាស់ ហើយបន្តស្វែងយល់ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពី សំណើសុំកិច្ចសហប្រតិបត្តិការរបស់ធនាគារ ឯកជនចំនួន៤ ដែល មានកម្មវត្ថុផ្សេងៗគ្នា។ ក្នុងនោះ នាយឧត្តមសេនីយ៍ បានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ បានសហការជាមួយក្រុមបច្ចេកទេស និងធនាគារដែល បានស្នើនោះដើម្បីសិក្សាលើកិច្ចការងារនេះ និងបាន បង្កើតក្រុមការងារក្នុងការអនុវត្តការងារ ពាក់ព័ន្ធនានា ដើម្បីចូលរួមប្រជុំជាមួយក្រសួងពាក់ព័ន្ធ និងតំណាងធនាគារ រកវិធីសាស្ត្រអនុវត្តឲ្យបានសមស្រប៕

ដោយ ៖ អេង ប៊ូឆេង

To Top