ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កែសម្រួលវិធាន សុខាភិបាលចំពោះ មន្ត្រីការទូត និងអង្គការអន្តរជាតិ កាន់ទិដ្ឋាការប្រភេទA-B ចូលកម្ពុជា

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះសម្រេចកែសម្រួលវិធាន ការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការ ការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកកម្ពុជា ដោយត្រូវអនុវត្តតាម គោលការណ៍ មួយចំនួន។

គោលការណ៍មួយចំនួននោះរួមមាន៖ មន្ត្រីការទូត និងអង្គការអន្តរជាតិ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិ បាលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោងមុន ពេលចេញដំណើរ។

មន្ត្រីការទូត និងអង្គការអន្តរជាតិដែលទទួលបាន ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវធ្វើតេស្តទាំងអស់ ពេលមកដល់កម្ពុជា ហើយ សំណាកត្រូវយកនៅទីតាំងពិសេស ក្នុងស្ថានីយ មកដល់របស់អ្នកដំណើរតែម្ដង។

ត្រូវរង់ចាំលទ្ធផលតេស្តរយៈពេលយ៉ាងតិច២៤ម៉ោង នៅទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅណាមួយ ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដែលបានឯកភាពដោយគណៈកម្មការអន្តរក្រសួង និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងទាំងនោះបើមាន តម្រូវការចាំបាច់នៃវិធានការសុខាភិបាលសាធារណៈ។

សំណាកដែលបានធ្វើពេលមកដល់ នឹងត្រូវបញ្ជូនទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ក៏ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់របស់ក្រសួងសុខាភិបាល។

ក្នុងករណីរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេងដែលស្ថានទូតសំណូមពរ ហើយដែលក្រសួងសុខាភិបាលឯកភាពដើម្បីធ្វើការព្យាបាល។ ការសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង រាល់ការចំណាយ និង តម្លៃសេវាព្យាបាលជាបន្ទុករបស់មន្ត្រីទូត ឬស្ថានទូត និងអង្គការអន្តរជាតិផ្ទាល់។

ស្ថានបេសកកម្មបរទេសទាំងអស់ នឹងតម្រូវឲ្យចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដើម្បីបង្ការ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ បញ្ជាក់ថា ដោយឈរលើគោលការណ៍មនុស្សធម៌ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័ត ដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើន លើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ថ្លៃ ធ្វើតេស្តរកវីរុសកូដ-១៩ លើកទី១ និងលើកទី២៕ដោយ៖ធី លីថូ

To Top