ព័ត៌មានជាតិ

ណូវែលហ្សឺឡង់ ប្រកាសគាំទ្រ ពេញទំហឹង ចំពោះគោលនយោបាយកម្ពុជា គ្មានគ្រាប់មីន ត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានជួបប្រជុំតាមយៈវីដេអូ ជាមួយ លោក Taha Macpherson ឯកអគ្គរដ្ឋទូត ណូវែលហ្សឺឡង់ ប្រចាំនៅកម្ពុជា ថៃ និងឡាវ ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ ស្តីពីការចូលរួមចំណែក ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ។ នេះបើយោងតាមអាជ្ញាធរមីន។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាល និងប្រជាជនណូវែលហ្សឺឡង់ ដែលបានសម្រេច ចិត្តចូលរួមគាំទ្រដល់ ការបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជា ដោយបានផ្តល់នូវថវិកាប្រមាណ ៣.៨ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០-២០២៤ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលជំនួយនេះ នឹងជួយផ្តល់ដីសុវត្ថិភាពប្រមាណជាង ១០គីឡូម៉ែត្រក្រឡា ជូនដល់ប្រជាពលរដ្ឋមូលដ្ឋានរាប់ពាន់គ្រួសារ។

លោកទេសរដ្ឋមន្រ្តី បានសន្យានឹងប្រើប្រាស់ថវិកាទាំងនេះ ឲ្យចំគោលដៅ ត្រឹមត្រូវ និងមានតម្លាភាព ព្រមទាំងបានអញ្ជើញ ឯកអគ្គរដ្ឋទូតចុះពិនិត្យចម្ការមីន និងជួបសំណេះសំណាល ជាមួយអ្នកទទួលផលដោយផ្ទាល់ ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខ ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបប្រាប់ដល់ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ អំពីការបំពេញកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ការរៀបចំនូវផែនការ យុទ្ធសាស្រ្ត ជាតិសកម្មភាពមីន ២០១៨-២០២៥ វឌ្ឍនភាពនៃវិស័យសកម្មភាពមីន នៅកម្ពុជានិងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់វត្តមានគ្រាប់មីន នៅកម្ពុជាឆ្នាំ២០២៥ ។

លោក Taha Macpherson ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ បានសេចក្តីសប្បាយរីករាយ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងមានប្រសាសន៍ដូចខាងក្រោម៖
១. អបអរសាទរចំពោះទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និង ណូវែលហ្សឺឡង់។
២. កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជម្ងឺកូវីដ-១៩ បានជោគជ័យ។
៣. រាជរដ្ឋាភិបាលណូវែលហ្សឺឡង់ មានសេចក្ដីសប្បាយរីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងប្តេជ្ញាបន្តជួយដល់កម្ពុជា ឲ្យសម្រចបាននូវគោលដៅ គ្មានមីនឆ្នាំ២០២៥ ខាងមុខនេះ។
៤. ឯកអគ្គរដ្ឋទូតគ្រោង នឹងទស្សនកិច្ចប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការរីករាលដាលជម្ងឺកូវីដ-១៩ ។ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាសម្រាប់ បោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ៕

To Top