កំពង់ចាម៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជន និងបងប្អូនប្រជាកសិករអោយធ្វើការ ពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
ក្នុងឱកាសអញ្ជើញចូលជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយយុវជន និងប្រជាកសិករ ក្នុងស្រុកព្រៃឈរ ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី រដ្ឋបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកកៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗ មួយចំនួនអំពីបច្ចេកទេសនៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀប អំពីភាពជឿនលឿន នៃវិស័យកសិកម្មនៅបណ្តាលប្រទេសមួយចំនួន ដែលលោកធ្លាប់បានទៅទស្សនៈកិច្ចសិក្សា នាពេលកន្លងមក ជូនដល់បងប្អូនអោយបានជ្រាប។
ផ្អែកលើបទពិសោធន៍នានាដែលលោក កៅ ថាច ធ្លាប់ជួប លោកបានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជននិងបងប្អូនប្រជាកសិករអោយធ្វើការពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះនឹងរួមចំណែកដោះស្រាយលើបញ្ហា ទីផ្សារដែលជាកង្វល់របស់បងប្អូនកសិករផងដែរ។ ទន្ទឹមនេះ បងប្អូនប្រជាកសិករ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការទាក់ទងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។
ជាមួយគ្នានេះ លោក កៅ ថាច បានជម្រាបជូនបន្ថែមអំពី
-អំពីតួនាទី និងបេសកកម្មរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
-អំពីស្ថានភាពសេដ្ឋកិច្ច និងផលប៉ះពាល់មួយចំនួនដោយសារការរាតត្បាតជំងឺ កូវីត ១៩ ដែលកំពុងកើតមាននៅលើពិភពលោក និងក្នុងប្រទេស។
-អំពីមូលហេតុ និងដើមហេតុដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទានជូនដល់ដល់ បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19
-អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះដោយអត្រាការប្រាក់ទាប។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ ក៏មានវត្តមានចូលរួមផងដែរ ពីសំណាក់លោក ហេង ណន រដ្ឋលេខាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនាវានុវត្តន៍ លោកអភិបាលរងស្រុក និង បងប្អូនយុវជន និង ប្រជាកសិករក្នុងស្រុកព្រៃឈរប្រមាន១៧០នាក់៕