ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យតំបន់មេទឹក ក្នុងស្រុកបាធាយ និងកំណត់នីតិវិធីឈ្នះឈ្នះ ដើម្បីដោះស្រាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹក ស្ថិតនៅក្នុងភូមិ ពពិត ឃុំតាំងក្រាំង ស្រុកបាធាយ និងបានកំណត់យកនីតិវិធីឈ្នះឈ្នះ ដើម្បីធ្វើការដោះស្រាយ ។

អភិបាលស្រុកបាធាយ លោក ផេន សុផល បានប្រាប់ឲ្យដឹងថា តំបន់មេទឹកស្ថិតនៅក្នុងភូមិពពិត ឃុំតាំងក្រាំងនេះ ជាតំបន់ដែលមានទំនាស់រ៉ាំរ៉ៃយូរហើយ ដោយសារ មានការទន្ទ្រានប៉ះពាល់ លើផ្ទៃដីរបស់រដ្ឋ ។

លោក ផេន សុផល បានឲ្យដឹងទៀតថា តំបន់មេទឹកនេះ គឺជាទីកន្លែង ដែលប្រជាពលរដ្ឋ ទទួលផលប្រយោជន៍ច្រើន ពីការបង្កបង្កើនផលដាំដំណាំស្រូវ ។

ហេតុដូច្នេះហើយ ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកបាធាយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំនីតិវិធីដោះស្រាយ តាមបែបវិធីឈ្នះឈ្នះ ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដី របស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹកផ្ដល់ ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំ នៅក្នុងតំបន់នេះផងដែរ ៕

To Top