ព័ត៌មានជាតិ

លោកកៅ ថាច ជំរុញឱ្យកសិករ និងយុវជន ចងក្រងជាសហគមន៍ ដើម្បីរៀនបន្ថែម ពីបច្ចេកទេស ចញ្ចឹមសត្វឬការដាំដុះ

កណ្តាល៖លោកកៅ ថាច អគ្គនាយក នៃ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការជំរុញ និងលើកទឹកចិត្តឱ្យកសិករ និងយុវជនក្នុងស្រុក ខ្សាច់កណ្តាល ដែលមានបំណងចង់រៀនបន្ថែមអំពីបច្ចេកទេសចញ្ចឹមសត្វ ចញ្ចឹមត្រី ឬ ការដាំដុះជាដើម អាចធ្វើការចងក្រងជាក្រុម ឬជាសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈលោក នឹងជួយស្នើសុំគ្រូបង្គោល ដែលមានជំនាញ ឱ្យចុះមកបង្រៀនដល់បងប្អូន កសិករ។

ក្នុងឱកាសពិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកខ្សាច់កណ្តាល ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅសលាស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព លោក ថាច និងជា ប្រធាន ក្រុមការងារ ចលនាយុវជន ស្រុកខ្សាច់កណ្តាល និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកស្រី ឡុង ណាវី អភិបាលស្រុកស្តីទី រួមនិងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកស្តីទី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ស្មៀនឃុំទាំង១៨ លោក-លោកស្រីប្រធានសមាជិកយុវជនស្រុក និងលោក-លោកស្រី ប្រធានយុវជន និងសមាជិកយុវជនឃុំទាំង១៨ រួមជាមួយបងប្អូនប្រជាកសិករ ប្រមានជិត ២០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងយុវជនទាំងអស់ ដែលមាន វត្តមានអំពី៖
១.អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លាន ដុល្លារអាមេរិក។

២.ធ្វើការចែករំលែកព័ត៍មានអំពីវិស័យកសិកម្ម នៅកម្ពុជា ដោយផ្តោតសំខាន់លើការដាំដុះបន្លែ ផ្លែឈើ វារីវប្បកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាដើម ដើម្បី ទុកជាបទពិសោធន៍ដល់បងប្អូនប្រជាកសិករ និងបងប្អូន ជាយុវជន ។ ឯកឧត្តម ក៏បានលើកយកឧទាហរណ៍ជាក់ស្តែងមួយចំនួនជាធាតុចូល អំពីការរៀបចំផែនការដើម្បីដាំដុះ ការចិញ្ចឹម ដែលធ្វើឱ្យចំណេញទាំងថវិកា ពេលវេលា និង ជាពិសេសធានាបានអំពីការផ្គត់ផ្គង់ចូលទីផ្សារបានគ្រប់គ្រាន់ផងដែរ។

៣.ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទានជូនដល់ដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ដែលការណ៍នេះជាឱកាសសម្រាប់បងប្អូនកសិករ យុវជន ក្នុងស្រុកខ្សាច់កណ្តាល អាចទំនាក់ទំនង មក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បី ធ្វើការស្នើសុំឥណទាន ពីក្នុងគម្រោងហិរញ្ញប្បទានពិសេស នេះ ឬពីគម្រោងឥណទានផ្សេង ទៀតរបស់ ធនាគារបាន៕

To Top