ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយ សហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំទៅ EU បានដដែល។
កាលពីថ្ងៃទី១២ សីហា EU បានចេញសេចក្តីថ្លែងការណ៍ ចំនួន២ទំព័រ សម្រេចកាត់EBA២០% ពីកម្ពុជាជាផ្លូវការ។
ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «EBA បានចូលជាធរមាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា ។ ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែកពីមុនទេ គឺនៅដដែល គឺយើងខិតខំប្រឹង ដើម្បីជម្នះឧបសគ្គបញ្ហា ប្រឈមទាំងឡាយ អាហ្នឹងអត់ជម្រើសក្រៅពីហ្នឹង ទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ បានសេចក្ដីថា មានទំនាក់ទំនង ជាមួយសហគមន៍អឺរ៉ុប នៅតែមានសារសំខាន់ ហើយយើងខិតខំបន្ថែមទៀត»។
សម្ដេចក្រឡាហោម រៀបរាប់ថា ទំនិញរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែបង់ពន្ធតែប៉ុណ្ណោះ។ ដូច្នេះ ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។
ជុំវិញបញ្ហាទាំងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែលឥតកែប្រែ គឺត្រូវការពាររដ្ឋធម្មនុញ្ញ ដោយមិនយកអធិបតេយ្យភាព និងឯករាជ្យកម្ពុជា ទៅដោះដូរជាមួយជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធណាមួយឡើយ ជាពិសេសកម្ពុជា មិនលុតជង្គង់ សុំទានគេជាដាច់ខាត ៕ ដោយ ៖ អេង ប៊ូឆេង