បរទេស៖ បាតុកម្មប្រឆាំងរដ្ឋាភិបាល នៅសាកលវិទ្យាល័យ Thammasat នៅយប់ថ្ងៃច័ន្ទ ត្រូវបានគេគិតថា ជាហានិភ័យមួយ ប្រថុយនឹងការប្រមាថ ព្រះមហាក្សត្រ ដែលបង្កឱ្យមានការភ័យខ្លាចថា វាអាចបង្កឱ្យមានការប្រឈមមុខគ្នា ដោយហិង្សារវាងចលនារាជានិយម និងគូប្រជែងរបស់ខ្លួន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើអត្ថាធិប្បាយ របស់ក្រុមអ្នកតវ៉ា នៅឯសាកលវិទ្យាល័យ Rangsit Campus នៅខេត្ត Pathum Thani គឺមានសក្តានុពលល្មើសនឹងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។ និស្សិតបានប្រកាសពីការទាមទារចំនួន ១០ ដែលរួមមានការផ្លាស់ប្តូរនៅក្នុងស្ថាប័នខ្ពស់បំផុតរបស់ប្រទេស រួមមានផ្នែក ១១២ និងបុព្វសិទ្ធិរបស់ព្រះរាជា។
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបាននិយាយថា រដ្ឋាភិបាលបានឃ្លាំមើលស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់ ហើយបានសារភាពថា លោកមានការព្រួយបារម្ភអំពីបញ្ហានេះ។ ទោះយ៉ាងណាលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការទាមទារ របស់ក្រុមអ្នកតវ៉ាទេ៕
ប្រែសម្រួលៈ ណៃ តុលា