ព័ត៌មានអន្តរជាតិ

IRGC ប្រាប់ពីមូលហេតុ ដែលមិនមាន ឧត្តមសេនីយ៍ណាម្នាក់ របស់អាមេរិក ត្រូវសម្លាប់ ដើម្បីសងសឹង ឱ្យឧត្តមសេនីយ៍ Soleimani

បរទេស៖ ឧត្តមសេនីយ៍អ៊ីរ៉ង់ ត្រូវបានគេធ្វើឃាត នៅក្នុងការវាយប្រហារ តាមអាកាសរបស់អាមេរិក កាលពីថ្ងៃទី ៣ ខែមករា នៅជិតអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង បាកដាដ ប្រទេស អ៊ីរ៉ាក់ ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្ហាញពីភាពត្រឹមត្រូវ ចំពោះសកម្មភាព របស់ខ្លួនដោយប្រើពាក្យបណ្តឹង ដែលមិនមានការសង្ស័យថា ឧត្តមសេនីយ៍ Soleimani មានគម្រោងវាយប្រហារ លើបេសកកម្មការទូតអាមេរិក នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មូលហេតុដែលគ្មាន ឧត្តមសេនីយ៍អាមេរិកណាម្នាក់ ត្រូវបានគេសម្លាប់នៅក្នុងការសងសឹក ចំពោះការស្លាប់ របស់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani គឺថា គ្មាននាយទាហានអាមេរិកាំងណាម្នាក់ អាចប្រៀបធៀប ទៅនឹងមេបញ្ជាការ កងទ័ពពិសេស Quds ក្នុងជួរកងទ័ពឆ្មាំបដិវត្ត ឥស្លាមអ៊ីរ៉ង់ (IRGC) បានឡើយ បើនិយាយពីគុណតម្លៃ និងសារៈសំខាន់ ។ នេះបើតាមលោក Yadollah Javani មេបញ្ជាការរងទទួលបន្ទុកកិច្ចការ នយោបាយរបស់ IRGC បានសង្កេតឃើញ ។

មន្ត្រី IRGC បាននិយាយថា « ដោយសារតែតម្លៃខាងក្នុងរបស់ [Qasem Soleimani] វាមិនអាចទៅរួចទេក្នុងការរកឃើញនរណាម្នាក់ ដែលមានតំលៃស្មើគ្នា [ក្នុងចំណោមមន្រ្តីយោធាអាមេរិក] ។ គាត់មានតម្លៃខ្លាំងណាស់ ចំពោះការតស៊ូ [ខាងមុខ] ដែលយើងមិនអាចរកឃើញ អ្នកណាម្នាក់ដែលស្រដៀង នឹងការសងសឹកវិញបាន»។

លោក Javani បានបញ្ជាក់ថា មធ្យោបាយតែមួយគត់ ដែលរដ្ឋាភិបាលទីក្រុងតេអេរ៉ង់អាចសងសឹកអាមេរិក ដោយប្រសិទ្ធភាព ចំពោះការសម្លាប់ឧត្តមសេនីយ៍ Soleimani គឺត្រូវបណ្តេញកងកម្លាំង អាមេរិកចេញពីតំបន់ជាអចិន្ត្រៃយ៍ ដែលជាសកម្មភាពមួយ ដែលអ៊ីរ៉ង់បានជំរុញឱ្យរដ្ឋឈូងសមុទ្រ ធ្វើអស់រយៈពេលជាច្រើនឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top