ភ្នំពេញ៖លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០%របស់កម្ពុជា គឺមិនមែនបាត់បង់ទីផ្សារ ពីសហភាពអឺរ៉ុបនោះទេ ពោលគឺកម្ពុជានៅតែនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល ប៉ុន្តែត្រូវបង់ពន្ធតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ផលប៉ះពាល់និងវិធានការ ឆ្លើយតបនិងបញ្ហា ប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកផៃ សីុផាន បានថ្លែងថា “EBA ដែលសហភាពអឺរ៉ុបបានដក២០% សូមកុំភ្លេចថា ដក២០%នេះគ្រាន់តែ កាតព្វកិច្ចរបស់កម្ពុជាយើង គ្រាន់តែបង់ពន្ធ ដើម្បីនាំទំនិញចូល មិនមែនបាត់ទីផ្សារទេ ពីសហគមន៍អឺរ៉ុបទេ ហើយផលិតផលកសិកម្មនៅតែនាំចូលដដែល”។
លោកសង្កត់ធ្ងន់ថា ចំពោះការដកEBA២០% ពីសហគមន៍អឹរ៉ុប នាពេលនេះ គឺរឹតតែជាដំណឹងល្អមួយ សម្រាប់កម្ពុជា ដើម្បីពង្រឹងខ្លួនឯង ឲ្យកាន់តែខ្លាំង ក្នុងការឆ្លើយតប ការចូលរួមពាណិជ្ជកម្ម នៅលើសកលលោក។
អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាបានសម្រេចចិត្តរួចហើយ ថាមិនធ្វើជាខ្ញុំឲ្យអ្នកណានិង មិនឱនក្បាលឲ្យអ្នកណាមួយជាដាច់ខាត។
សូមរំលឹកថា កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញ របស់កម្ពុជាប្រមាណ ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ហើយទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល ៕ដោយ៖ធី លីថូ