ព័ត៌មានជាតិ

នាយឧត្ដមនាវី ទៀ វិញ ប្ដេជ្ញា យ៉ាងមោះមុត អនុវត្តតាមបញ្ជា សម្តេចតេជោ ក្នុងបុព្វហេតុការពារជាតិ

ភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអះអាងពីការប្តេជ្ញា គោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីការពារជាតិ មាតុភូមិ ។

នេះជាប្រសាសន៍ របស់លោកក្នុងពិធីបិទវគ្គបណ្ដុះ បណ្ដាលជំនាញយុទ្ធវិធីជើងទឹកជំនាន់ទី១ វគ្គបណ្តុះបណ្ដាលពលនាវិកថ្មី ឆ្នាំ២០២០ បើកវគ្គបណ្ដុះបណ្ដាល បញ្ជាការសេនាធិការ ថ្នាក់បឋមជំនាន់ទី១១ វគ្គបណ្ដុះ បណ្ដាលជំនាញនាវិកភាព ពលនាវិកថ្មីឆ្នាំ២០២០ និងបំពាក់ឋានន្តរសក្ដិពលនាវិកថ្មី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។

លោកសង្កត់ធ្ងន់ថា “នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹក និងមន្រ្តីបុគ្គលិក គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ប្ដេជ្ញាយ៉ាងមោះមុតបន្តអនុវត្តតាមមាគា ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងបុព្វហេតុកាពារជាតិ មាតុភូមិ ប្រឆាំងដាច់ខាត អ្នកនយោបាយ និងជនអគតិមួយចំនួន ដែលនៅតែបន្ត ឃោសនាបំផុស ញុះញុងលាបពណ៌ ដើម្បីបង្កើនការភាន់ច្រឡំលើរាជរដ្ឋា ភិបាលក្នុងបំណងប៉ុនប៉ងបង្កចលាចល ធ្វើឲ្យខូចខាត ដល់ទំនាក់ទំនងជាមួយ ប្រទេសជិតខាងជាដើម”។

លោកនាយឧត្តមនាវី បន្តទៀតថា ដើម្បីឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺទាមទារឲ្យកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈ ចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់មកទីទួលសុវត្ថិភាព ។

ក្នុងឱកាសនោះដែរ លោកក៏បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់យោធាចារ្យ ១៥នាក់ ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល គ្រូគ្រប់គ្រងវគ្គ ២នាក់ ម្នាក់៥ម៉ឺនរៀល ឧបត្ថម្ភដល់សាលា ៥លានរៀល អង្ករ៤០បាវ ព្រមទាំងគ្រឿង ឧបភោគបរិភោគ មួយចំនួន និងបានប្រកាស បើកវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលបញ្ជាការ សេនាធិការ ថ្នាក់បឋម ជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញ នាវិកភាពពលនាវិកថ្មី ឆ្នាំ២០២០ ផងដែរ ៕

To Top