ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ ស៊ុយអែត បន្ដផ្ដល់ជំនួយមកកម្ពុជា តែបង្វែរទៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេស ស៊ុយអែតនៅតែបន្ដផ្ដល់ថវិកាមកកម្ពុជា ប៉ុន្ដែបង្វែរថវិការទាំងនោះទៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្ស ដូច្នេះ ថវិកាទាំងនេះនឹងប្រើប្រាស់តាមរយៈNGOs។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេច ស ខេង បានឲ្យដឹងថា ការបង្វែរជំនួយទៅលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វាក៏ជាផ្នែកមួយល្អសម្រាប់កម្ពុជា ដែលត្រូវពង្រឹងការងារខ្លួន ដើម្បីកុំឲ្យមានកំហុសឆ្គង។

សម្ដេចរំលឹកថា នាពេលកន្លងមក ស៊ុយអែត ជួយអភិវឌ្ឍន៍កម្ពុជាក្នុង១ឆ្នាំ ២០លានដុល្លារ ដើម្បីជួយ ការពារអភិវឌ្ឍន៍បរិស្ថាន និងជួយកំណែទម្រង់នានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចបន្ដថា «ឥឡូវគាត់នៅជួយកម្ពុជាតែលុយនឹងបង្វែរទៅរឿងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូច្នេះគាត់នឹងប្រើលុយនេះ តាមរយៈNGO (សង្គមស៊ីវិល) ។ អ៊ីចឹងហើយ យើងត្រូវគិតថា វាជានយោបាយរបស់គេ ដោយយើងមិនត្រូវចាត់ទុកស៊ុអែតខុសទេ ព្រោះរដ្ឋធម្មនុញ្ញយើង ក៏ប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្សដែរ។ ដូច្នេះគឺថា វាអត់មានអីខុសទេ។ ប៉ុន្តែយើង ដល់ពេលហ្នឹង យើងត្រូវភ្ញាក់រឭកខ្លួនឯង ត្រូវខិតខំប្រឹងប្រែងយ៉ាងម៉េច ដើម្បីកុំឱ្យមានកំហុសធំដុំ ដែលគេអាចយកទៅជាឈ្នាន់»។

សូមរំលឹកថាកាលពីថ្ងៃទី១២ មិថុនា កន្លងទៅរដ្ឋាភិបាល ស៊ុយអែត បានសម្រេច បង្វែរ ជំនួយ អភិវឌ្ឍន៍ សម្រាប់ កម្ពុជា ដោយ ផ្ដោតទៅលើ ការគោរព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ វិញ ។

បើយោងតាមស្ថានទូតស៊ុយអែតប្រចាំកម្ពុជាបានឲ្យដឹងថាជំនួយអភិវឌ្ឍន៍របស់ស៊ុយអែតសម្រាប់កម្ពុជា កាលពី ឆ្នាំ ២០១៩ មានទឹកប្រាក់ ជិត ២៤ លានដុល្លារអាមេរិក៕

To Top